បាត់ដំបង៖ នៅវេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ នៅភូមិដង្គត់ធ្នង់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីឆក់ចរន្តអគ្គិសនីមួយកើតឡើងបណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។
អធិការនគរបាលស្រុកបាណន់ លោកវរសេនីយ៍ទោ សំ វីរៈ បានប្រាប់ឱ្យដឹងថា ក្រោយទទួលបានព័ត៌មានខាងលើភ្លាម លោកបានចាត់ឱ្យកម្លាំងជំនាញចុះទៅដល់កន្លែងកើតហេតុដើម្បីពិនិត្យ និងសាកសួរជុំវិញករណីឆក់ចរន្តអគ្គិសនីដែលបណ្ដាលឲ្យជនរងគ្រោះ ២នាក់ស្លាប់ និងរងរបួស។
ជនរងគ្រោះដែលបានស្លាប់ មានឈ្មោះ ខោន ខេន ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិដង្គត់ធ្នង់ ស្រុកបាណន់ ខេត្តបាត់ដំបង ស្លាប់នៅកន្លែងកើតហេតុ និងជនរងគ្រោះម្នាក់ទៀតឈ្មោះ សុខ សាមឌី ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិដង្គត់ធ្នង់ ស្រុកបាណន់ ខេត្តបាត់ដំបង រងរបួសធ្ងន់ បានបញ្ជូលទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
ជនរងគ្រោះទាំងពីរនាក់គឺជាជាងផ្សារដែក ដោយពួកគេបានស្លាប់ និងរបួសក្នុងអំឡុងពេលជនរងគ្រោះបានទៅស៊ីឈ្នូលផ្សារដំបូលផ្ទះឱ្យ ឈ្មោះ សុខ សំបូរ ភេទស្រី អាយុ ៣៧ឆ្នាំ ស្ថិតនៅក្រុមទី៧ ភូមិដង្គត់ធ្នង់ ស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រោយពីពិនិត្យទីកន្លែងហេតុ និងសាកសព ព្រមទាំងសាកសួរបំភ្លឺសាក្សីជុំវិញកន្លែងកើតហេតុរួចមក ក្រុមការងារជំនាញបានធ្វើការសន្និដ្ឋានបានថា សាកសពខាងលើនេះពិតជាស្លាប់ដោយសារឆ្លងចរន្តអគ្គិសនីពិតប្រាកដមែន បន្ទាប់មកក៏បានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕