ភ្នំពេញ៖ ភរិយាលោក គង្គ ប៊ុនឈឿន ត្រូវបានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ប្រកាសផ្តល់សិទ្ធិគ្រប់គ្រងបទចម្រៀងដែលជាស្នាដៃនិពន្ធបទភ្លេង និងទំនុកច្រៀងដោយស្វាមីរបស់ខ្លួនចំនួន ៤បទបន្ថែមទៀត គឺបទស្ពានកំពង់លួង បទម្លប់ស្នេហ៍ដើមស្រឡៅ បទសែនឈឺចិត្ត និងបទប្រពន្ធខាំញិច។
ក្រសួងវប្បធម៌បានសម្រេចផ្តល់សិទ្ធិគ្រប់គ្រងបទចម្រៀងលោក គង្គ ប៊ុនឈឿន ឱ្យទៅភរិយារបស់លោក គឺលោកស្រី គាត គឹមលន គឺធ្វើឡើងតាមការស្នើសុំសិទ្ធគ្រប់គ្រងកន្លងមកពីលោកស្រីនូវបទចម្រៀងដែលជាស្នាដៃនិពន្ធរបស់ស្វាមី។
ក្រសួងវប្បធម៌ប្រកាសថា រាល់ភាគីពាក់ព័ន្ធទាំងអស់ ដែលមានបំណងចង់ប្តឹងជំទាស់នឹងការស្នើសុំសិទ្ធិគ្រប់គ្រងនូវបទចម្រៀងខាងលើ អាចដាក់ពាក្យបណ្តឹងមកនាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែលនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលមានអាសយដ្ឋាន អាគារលេខ២២៧ មហាវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ និងទំនាក់ទំនង តាមលេខទូរសព្ទ ០២៣ ២១៨ ១៤៨ និង E-mail: info@mcfa.gov.kh ឬ facebook Page ឈ្មោះ (នាយកដ្ឋានសិទ្ធិអ្នកនិពន្ធនិងសិទ្ធិប្រហាក់ប្រហែល DCR)។
ក្រសួងកំណត់រយៈពេលនៃការដាក់ពាក្យប្ដឹងជំទាស់ គឺមានសុពលភាពរយៈពេល ១ (មួយ) ខែ គិតចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
បទចម្រៀងដែលជាស្នាដៃនិពន្ធដោយលោក គង្គ ប៊ុនឈឿន ជាច្រើនបទទៀត ក៏ត្រូវបានផ្តល់សិទ្ធិគ្រប់គ្រងទៅឱ្យលោកស្រី គាត គឹមលន កន្លងមកផងដែរ។ ក្នុងនោះមានបទលាហើយសោភិនី ជួបភ័ក្រ ជួបស្នេហ៍ អាទិត្យវង្សាស៊ីសូរិយាវង្ស ក្មេងវាយស្បែកជើង ទៅលេងបាត់ដំបង ទឹកភ្នែកឪពុក ភ្លេងមច្ចុរាជ ជំនោរប៉ៃលិន អ្នកលេងស្មងតាន់ វិមានទឹកភ្នែក ស្រណោះផ្កាខ្ទម នឹកឃើញអូនផង បូតសណ្តែក ថ្ងៃដែលអូនចុងឈាម ភូមិភ្នំធំ លាហើយសូម៉ាត្រា រាហ៊ូចាប់ចន្ទ អនុស្សាវរីយ៍ខ្នងភ្នំសំពៅ អូរជ្រៅរណ្តៅស្នេហ៍។
រួមទាំងបទបុទុមសុរិយាអូន ស៊ីបាយបោកឆ្នាំង ទិញស្រាឱ្យឪ សម្រស់នាងចែវទូកដ នេះឬជីវិត? កំលោះហុងដាកញ្ញាប៉េសេ ទំនួញបុទុមសុរិយា បេះដូងកំព្រា កណ្តុរលេងសួន ស្ពានឈើអភ័ព្វ ផ្គរលាន់ប៉ៃលិន អ្នកបើកត្រាក់ទ័រ សាយណ្ហក្រោយផ្នូរ បងដើរកាត់ភ្លៀង មេឃាភ្នំពេញតារាបាត់ដំបង រសស្នេហ៍ឧត្តម សែនស្តាយថ្ពាល់ស្តាំ ទំនួញហ្គីតាមាស មន្ថាមាសបង ស្ពានអូរតាគី ស្នាមក្រែមជាប់ថ្ពាល់ នាងដើរទៅណា កូនស្រីអ្នកនេសាទ ជ្រោះពេជ្រចិន្តា ស្បៃអក្ខរាចំប៉ាបាណន់ អារសាច់ជូនម្តាយ ព្រោះនាងមានប្តី សារ៉ាវ៉ាន់ស្លៀកខ្យល់ ម្លប់ដូងទី១០ កន្រិបទ្រឹមៗ ខ្មាសអស់បក្សា ថ្មគោលស្រមោលស្នេហ៍ រំដួលដងស្ទឹងសង្កែ កុំខឹងណាថ្លៃ វិញ្ញាណផ្នូរខ្ញុំ និងបទចម្រៀងមរណៈ៕