ភ្នំពេញ៖ នៅរាត្រីថ្ងៃទី២៣ ខែកក្កដា នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតិឲ្យលោកឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជាជួបសម្ដែងការគួរសមនិងពិភាក្សាការងារនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ មុនពិធីប្រគល់-ទទួល វ៉ាក់សាំងដែលជាអំណោយរបស់រដ្ឋាភិបាលជប៉ុន។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីលោក កៅ គឹមហួន បានប្រាប់អ្នកសារព័ត៌មានថា ឯកអគ្គរាជទូតជប៉ុនលោក Mikami Masahiro បានជូននូវសារលិខិតជូនសម្ដេចតេជោនាយករដ្ឋមន្ត្រី និងបានពិភាក្សាជារួមគឺផ្តោតលើកិច្ចសហប្រតិបត្តិការទ្វេរភាគីកម្ពុជា-ជប៉ុនដើម្បីពង្រឹងមិត្តភាពកិច្ចសហប្រតិបត្តិការ និងការជួយផ្តល់វ៉ាក់សាំង ចំនួន១លានដូស ហើយនៅក្នុងជើងទី១នេះ ដែលមានចំនួន ៣៣២,០០០ដូស។
កិច្ចពិភាក្សាបានលើកពីការគាំទ្ររបស់ជប៉ុនអំពីប្រជុំកំពូលអាស៊ាន តាមការប្រជុំ video conference ហើយបានគាំទ្រព្រះរាជាណាចក្រកម្ពុជាធ្វើប្រធានអាស៊ាននៅឆ្នាំក្រោយ និងបានពិភាក្សាអំពីគម្រោងទាំងឡាយដែលជប៉ុននឹងបន្តគាំទ្រដល់កម្ពុជា។
សម្តេចតេជោនាយករដ្ឋមន្ត្រីនិងឯកអគ្គរាជទូត ក៏បានពិភាក្សាអំពីកិច្ចសហការក្របខណ្ឌអាស៊ានផងដែរ ជាពិសេសជំរុញកិច្ចសហការកម្ពុជា-ជប៉ុន បន្ថែមទៀត រួមទាំងតួនាទីរបស់កម្ពុជា នៅក្នុងមជ្ឈមណ្ឌលមីន-អាស៊ាន ដែលមានទីតាំងនៅកម្ពុជា។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីគម្រោងទាំងឡាយ រួមទាំងគម្រោងទឹកស្អាតនៅខេត្តសៀមរាប និងសំណើររបស់ជប៉ុនបន្តការគាំទ្រគម្រោងការដោះមីននៅកម្ពុជា ហើយកន្លងមកសម្ដេចក៏បញ្ចាក់ផងដែលថា ជប៉ុនបានដើរតួនាទីយ៉ាងសំខាន់ទាំំងការចរចាស្វែងរកសន្តិភាពរបស់កម្ពុជា ហើយសម្តេច តេជោបានទទួលអំពីការរួមចំណែករបស់ជប៉ុនក្នុងការ ដោះមីននៅកម្ពុជា។
ពាក់ព័ន្ធព្រឹត្តិការណ៍កីឡាអូឡាំពិក-តូក្យូ សម្ដេចតេជោបានគាំទ្រ និងបានបញ្ជាក់ថា មានការចូលរួមពីកីឡាករ កីឡាការនី ចំនួន៣រូប ពីព្រះរាជាណាចក្រកម្ពុជា។ ភាគីជប៉ុនក៏រីករាយ និងស្វាគមន៍ចំពោះការចូលរួមនេះផងដែរ៕