ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៉ិត សំហេង មានមោទកភាពដែលកម្ពុជាជាប្រទេសឈានមុខក្នុងការអនុវត្តកម្មវិធីការងារសមរម្យដែលសម្រេចបាននូវ ៥ដំណាក់កាលរួចមកហើយ។
ជាក់ស្តែងសម្រាប់កម្មវិធីឆ្នាំ២០១៩-២០២៣ កម្ពុជាសម្រេចបាននូវគោលដៅអាទិភាពសំខាន់ៗចំនួន៣ គឺ ការអភិវឌ្ឍមុខរបរ និងការងារ និងសហគ្រាស ការពង្រឹង និងពង្រីកកិច្ចគាំពារសង្គម និងការធ្វើឱ្យប្រសើរឡើងទំនាក់ទំនងវិជ្ជាជីវៈ និងសិទ្ធិការងារ។
លោកបានលើកឡើងបែបនេះនៅក្នុងពិធីបើកសិក្ខាសាលាត្រីភាគីស្ដីពីការត្រួតពិនិត្យប្រចាំឆ្នាំលើកម្មវិធីការងារសមរម្យសម្រាប់ប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពីតំណាងក្រសួង-ស្ថាប័ន្ធពាក់ព័ន្ធ តំណាងនិយោជក តំណាងសហជីព និងតំណាងអង្គការអន្តរជាតិខាងការងារ (ILO) និងតាមប្រព័ន្ធអនឡាញពីចម្ងាយ សរុបប្រមាណ ១៣០នាក់។
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៉ិត សំហេង បានអរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ជាពិសេសអង្គការអន្តរជាតិខាងការងារដែលបានរួមចំណែកខិតខំប្រឹងប្រែងសម្រេចបាននូវលទ្ធផលជាផ្លែផ្កា គួរជាទីមោទនៈដល់ការអភិវឌ្ឍន៍រីកចម្រើនសេដ្ឋកិច្ច សង្គមកម្ពុជា។
ជាពិសេសបានផ្តល់ការការពារសិទ្ធិ អត្ថប្រយោជន៍ និងកិច្ចគាំពារ រួមទាំងការផ្តល់នូវសេវានានាជូនប្រជាពលរដ្ឋ និយោជក កម្មករនិយោជិតទាំងសេដ្ឋកិច្ចក្នុងប្រព័ន្ធ និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពលករខ្មែរនៅក្រៅប្រទេសកាន់តែប្រសើរ និងកាន់តែមានប្រសិទ្ធភាពខ្ពស់សំដៅធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារ សិទ្ធិសេរីភាពអង្គការវិជ្ជាជីវ: សុខដុមនីយកម្មទំនាក់ទំនងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ មុខរបរ និងការងារ និងកិច្ចគាំពារសង្គម ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការស្តារឡើងវិញ និងបង្កើនល្បឿននៃការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០២៣ ដែលរំពឹងថានឹងមានកំណើន ៥,៦%។
លោក អ៉ិត សំហេង បានគូសបញ្ជាក់ថា កម្មវិធីការងារសមរម្យប្រចាំប្រទេសកម្ពុជាឆ្នាំ២០១៩-២០២៣ ក៏បានចូលរួមគាំទ្រនូវការអនុវត្តយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ ដែលជារបៀបវារៈគោលនយោបាយសេដ្ឋកិច្ចសង្គមរបស់រាជរដ្ឋាភិបាលកម្ពុជា នៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិឆ្នាំ២០១៩-២០២៣ និងបានគាំទ្រដល់ការចូលរួមអនុវត្តគោលនយោបាយជាតិសំខាន់ៗទៀត។
ក្នុងនោះមានគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥ (IDP) គោលនយោបាយជាតិស្ដីពីមុខរបរ និងការងារឆ្នាំ២០១៥-២០២៥ (NEP) ក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ និងក្របខណ្ឌគោលដៅអភិវឌ្ឍន៍ដោយចីរភាពរបស់កម្ពុជាឆ្នាំ២០១៦-២០៣០ ផងដែរ ដែលរួមគ្នាផ្តល់នូវក្របខណ្ឌគោលនយោបាយសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជានៅទសវត្ស៍បន្ទាប់។
លោកថ្លែងថា៖ «អ្វីដែលសំខាន់នោះ គឺការផ្សារភ្ជាប់កម្មវិធីការងារសមរម្យជាមួយនឹងរបៀបវារៈនៃគោលដៅអភិវឌ្ឍន៍ដោយចីរភាពឆ្នាំ២០៣០ ដើម្បីជួយប្រទេសកម្ពុជាក្នុងការសម្រេចគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) ដែលពាក់ព័ន្ធ»៕