សៀមរាប៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរថ្មី ត្រូវបានសាងសង់ជិតរួចរាល់ ហើយគ្រោងបញ្ចប់ការសាងសង់ នឹងដាក់ឱ្យដំណើរការឱ្យចុះចតនៅខែតុលា ឆ្នាំ២០២៣ខាងមុខនេះ។
អភិបាលខេត្តសៀមរាប លោក ទៀ សីហា បានថ្លែងឱ្យដឹងបែបនេះនៅក្នុងសន្និសីទសារព័ត៌មានស្តីពី«ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តសៀមរាប»នាព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។
ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់ បានបញ្ជាក់ថា មុនមិនទាន់មានការរាតត្បាតជំងឺកូវីដ-១៩ ព្រលានយន្តហោះខេត្តសៀមរាបចាស់ទទួលបានជើងហោះហើរក្នុងមួយថ្ងៃចន្លោះពី៦០ទៅ៧០ជើង។ តែបច្ចុប្បន្នទទួលបានជើងហោះហើរតែ១៥ ទៅ១៩ជើងក្នុងមួយថ្ងៃ។
ព្រលានយន្តហោះសៀមរាប-អង្គរថ្មី ដែលស្ថិតនៅក្នុងឃុំតាយ៉ែក ស្រុកសូទ្រនិគម ដែលសាងសង់ឡើងក្នុងទំហំដីចំនួន៧៥០ហិកតា ក្រោមទុនវិនិយោគរបស់ចិនចំនួន៩០០លានដុល្លារអាម៉េរិក គឺសាងសង់ដោយក្រុមហ៊ុនវិនិយោគអាកាសយាន្តដ្ឋានអន្តរជាតិអង្គរ (Angkor International Airport Investment Cambodia Co.,Ltd) ហៅកាត់ AIAL។
ប្រធានមន្ទីរទេសចរណ៍ខេត្តសង្ឃឹមថា ក្រោយព្រលានយន្តហោះសៀមរាបថ្មីសាងសង់រួច ចំនួនភ្ញៀវទេសចរក្នុងខេត្តសៀមរាបនឹងមានការកើនឡើងវិញ។ លោកបញ្ជាក់ថានៅក្នុងឆ្នាំ២០២២ ខេត្តសៀមរាបទទួលបានភ្ញៀវទេសចរជាង២លាននាក់។
អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរដ៏ធំមួយនេះ បានដំណើរការសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ ដោយប្រើប្រាស់កម្មករប្រមាណជាង១ពាន់នាក់ ក្នុងនោះ៧០ភាគរយជាពលករខ្មែរ។
អាកាសយានដ្ឋានអន្តរជាតិដែលស្ថិតក្នុងចម្ងាយ៤០គីឡូម៉ែត្រពីតំបន់អង្គរនេះ អាចទទួលបានការហោះហើរយន្តហោះគ្រប់កម្រិតទាំងអស់៕