ក្រសួងសុខាភិបាលជំរុញឱ្យគ្រឹះស្ថានឱសថ និងគ្រឿងសម្អាងស្នើសុំនាំចូល និងនាំចេញតាមប្រព័ន្ធបញ្ជរតែមួយជាតិ
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានជំរុញឱ្យគ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានផលិតវត្ថុធាតុដើម គ្រឹះស្ថាននាំចេញនាំចូលឱសថ ផលិតផលគ្រឿងសម្អាង និងគ្រឹះស្ថានផ្សេងៗទៀត ត្រូវស្នើសុំនាំចូល និងនាំចេញតាមប្រព័ន្ធបញ្ឈរតែមួយជាតិ (National Single Window)។
ក្រសួងជំរុញឱ្យស្នើសុំនាំចេញ និងនាំចូលតាមប្រព័ន្ធបញ្ឈរតែមួយជាតិ ក៏ដើម្បីពង្រឹង និងបង្កើនប្រសិទ្ធភាពក្នុងការនាំចូល នាំចេញ ឱសថ ប្រតិករ ឧបករណ៍បរិក្ខារពេទ្យ គ្រឿងសម្អាង ផលិតផលបំប៉នសុខភាព វត្ថុធាតុដើម វត្ថុធាតុផ្សំ សម្ភារវេចខ្ចប់ និងផលិតផលសុខាភិបាលផ្សេងទៀតឱ្យកាន់តែល្អប្រសើរ។
ក្រសួងសុខាភិបាលប្រាប់ដូច្នេះថា៖ «សូមឯកឧត្តម លោកជំទាវ លោក លោកសី្រ ប្រធានគ្រឹះស្ថានដែលមិនទាន់បានធ្វើការស្នើសុំនាំចូល នាំចេញតាមប្រព័ន្ធបញ្ឈរតែមួយជាតិ ត្រូវចូលរួមអនុវត្តឱ្យបានពេញ លេញចាប់ពីថ្ងៃជូនដំណឹងនេះតទៅ»។
ក្រសួងសុខាភិបាលបញ្ជាក់ថា ការស្នើសុំនាំចេញ និងនាំចូលតាមប្រព័ន្ធបញ្ហារតែមួយជាតិ គឺអាចធានាបាននូវតម្លាភាព និងប្រសិទ្ធភាពក្នុងការស្នើសុំនាំចូល នាំចេញ។ បង្កលក្ខណៈងាយស្រួល និងឆាប់រហ័សក្នុងការផ្តល់សេវា។ ផ្តល់ព័ត៌មានត្រឡប់ដល់គ្រឹះស្ថានឱសថ និងគ្រឹះស្ថាននានាបានឆាប់រហ័ស និងទាន់ពេលវេលា។ កាត់បន្ថយការចំណាយទាំងថវិកា និងពេលវេលា និងរក្សាការសំងាត់ និងឯកសារមានសុវត្ថិភាពខ្ពស់៕