ក្រសួងទេសចរណ៍ណែនាំឱ្យមន្ទីរបន្តពង្រឹងការគ្រប់គ្រងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍
ភ្នំពេញ៖ ក្រសួងទេសចរណ៍បានធ្វើការណែនាំដល់គ្រប់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ឱ្យបន្តពង្រឹងការគ្រប់គ្រងបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ឱ្យកាន់តែមានប្រសិទ្ធភាព ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងអនុសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ការណែនាំនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារនារី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ត្រីមាសទី១ ឆ្នាំ២០២៣ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ដោយមានការចូលរួមពី រដ្ឋលេខាធិការក្រសួងទេសចរណ៍លោកស្រី ហ៊ុន ដានី។
លោកស្រី ហ៊ុន ដានី បានណែនាំទៅកាន់មន្ទីរទេសចរណ៍រាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ខិតខំចងក្រងក្រុមនារីក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រង ការចុះអប់រំណែនាំ ការបណ្ដុះបណ្តាល និងការជួយអន្តរាគមន៍ នៅពេលពួកគាត់ជួបប្រទះនូវបញ្ហាប្រឈម។ មន្ទីរទេសចរណ៍រាជធានី-ខេត្តក៏ត្រូវសហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងម្ចាស់អាជីវកម្ម ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យបុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធផ្នែកសេវាកម្សាន្តទេសចរណ៍ឱ្យបានច្បាស់លាស់ និងមានប្រសិទ្ធភាព។
លោកស្រីក៏បានបញ្ជាក់ថា ស្ត្រីដើរតួនាទីសំខាន់ណាស់ក្នុងវិស័យទេសចរណ៍ ដោយក្នុងចំណោមកម្លាំងពលកម្មចំនួន ៣២ម៉ឺននាក់ (សូចនាករទេសចរណ៍ឆ្នាំ២០២២) ស្ត្រីមានចំនួនជិត ៦០%។ ដោយឡែកក្នុងផ្នែកសេវាកម្សាន្តទេសចរណ៍ ស្ត្រីមានដល់ជាង ៧០%។
លោកស្រីបានឱ្យដឹងថា ដើម្បីអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍តែងបានយកចិត្តទុកដាក់ជាប្រចាំដល់ក្រុមនារីដែលបម្រើការក្នុងវិស័យទេសចរណ៍ ដោយបានដាក់ចេញនូវកម្មវិធី និងផែនការយុទ្ធសាស្ត្រ សំដៅលើកកម្ពស់ស្ថានភាព តួនាទី និងតម្លៃស្ត្រីក្នុងភាពជាដៃគូទាំងក្នុងក្របខណ្ឌការងារ មុខរបរ និងបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ច។
គួរឱ្យដឹងដែរថា គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីធ្វើការត្រួតពិនិត្យទៅលើវឌ្ឍនភាពការងារនារី និងសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សិក្សាបញ្ហាប្រឈម និងដាក់ចេញនូវទិសដៅអនុវត្តបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៣ សំដៅពង្រឹងយន្តការគ្រប់គ្រងអាជីវកម្ម និងបុគ្គលិកស្ត្រីដែលបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធក្នុងវិស័យទេសចរណ៍ ព្រមទាំងបង្កើនភាពអង់អាចដល់ស្ត្រីដែលប្រកបមុខរបរក្នុងឧស្សាហកម្មទេសចរណ៍ផងដែរ៕