ករណីចោទនគរបាលចរាចរណ៍សង្កាត់ព្រែកឯងចាប់ឡានជំរិតទារលុយ ១ពាន់ដុល្លារ អ្នកបង្ហោះលុបផុសចេញខណៈនគរបាលថានៅបន្តការស្រាវជ្រាវ
ភ្នំពេញ៖ រឿងកាលពីចុងសប្ដាហ៍មុនទាក់ទងនឹងនគរបាលចរាចរណ៍ស្ដុប Tiger សង្កាត់ព្រែកឯង រាជធានីភ្នំពេញ ដែលចាប់ឡានពលរដ្ឋថាពលរដ្ឋបើកឡានភ្ជាប់ឯកសារក្លែងក្លាយទារលុយ ១ពាន់ដុល្លារ តវ៉ាចុះឡើងសល់ត្រឹម ១៣៥ដុល្លារ មកដល់ថ្ងៃអង្គារ៍នេះហាក់ស្ងាត់ជ្រាបបន្ទាប់ពីស្នងការនគរបាលរាជធានីភ្នំពេញហៅភាគីនគរបាល និងម្ចាស់ឡានមកសាកសួរកាលពីថ្ងៃអាទិត្យ។
ភាគីម្ចាស់ឡានដែលមានឈ្មោះគណនីហ្វេសបុក បងតិច កាលពីថ្ងៃច័ន្ទ ទី២៧ ខែមីនា បានបង្ហោះលើបណ្ដាញសង្គមលោកលោកថា រឿងលោកត្រូវបានបញ្ចប់ដោយយុត្តិធម៌ហើយលោកក៏លុបផុសរបស់លោកដែលទាក់ទងនឹងមន្ត្រីនគរបាលចរាចរណ៍ដែលចាប់ទារលុយលោកចោលទាំងអស់ផងដែរ។
លោកបានសរសេរថា៖ «ការដោះស្រាយរបស់ខ្ញុំបានបញ្ចប់រួចរាល់ឣស់ហើយសូមមេត្តាជ្រាប នឹងសូមសំនូមពរដល់បងៗឣ្នកសារពត៌មានទាំងឣស់ ឈប់ស៊ែនឹងផ្សព្វផ្សាយបន្តទៀត ហើយខ្ញុំបាទនឹងលុបសារដែលបានបង្ហោះត្រឹមថ្ងៃ២៦ នឹងតែម្តង បើសិនមានបងប្ឣូនណាយកទៅផ្សព្វផ្សាយបន្តខ្ញុំមិនទទួលខុសត្រូវឡើយ»។
លោកបានសំណូមពរដល់នគរបាលចរាចរណ៍ដែលនៅតាមគោលដៅមេត្តាធ្វើការតាមវិជ្ជាជីវៈនឹងក្រមសីលធម៌ឱ្យបានល្អផងដែរ។
ខុសពីសព្វមួយដងដែលក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចេញមុខបកស្រាយករណីរវាងនគរបាលចរាចរណ៍និងពលរដ្ឋមិនដល់ ២៤ម៉ោងនោះ តែលើកនេះស្ងាត់គ្មានលើកយកមកបញ្ជាក់ជូនពលរដ្ឋនោះទេ ខណៈមនុស្សមួយចំនួនក៏បានខំមិនសួររកដំណោះស្រាយករណីនេះផងដែរ។
ក្នុងផេកស្នងការនគរបាលរាជធានីភ្នំពេញ២ថ្ងៃមកនេះ ក្រុមប្រតិកម្មរហ័សបានប្រតិកម្មតែរឿងការចុះផ្សាយរបស់សារព័ត៌មានដែលថាសមត្ថកិច្ចទារលុយ ១០០ដុល្លារដើម្បីទទួលបណ្ដឹងពីពលរដ្ឋក្នុងសង្កាត់ទួលសង្កែទី១ ប៉ុណ្ណោះ។
អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញលោក សាន សុខសីហា បានបញ្ជាក់ថាករណីនេះមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ ដូច្នេះទើបមិនទាន់អាចបកស្រាយជាសាធារណៈបាន។ លោកបន្ថែមថាស្នងការដ្ឋាននគរបាលដ្ឋានភ្នំពេញនឹងបន្តកោះហៅភាគីពាក់ព័ន្ធ ដូចជាម្ចាស់រថយន្ត អ្នកបើកបរ អ្នកដែលបង្ហោះសារនៅលើបណ្តោយសង្គមហ្វេសប៊ុក និងមន្ត្រីនគរបាលមកសួរនាំឱ្យច្បាស់បន្ថែមទៀតក្នុងសប្ដាហ៍នេះ។
លោកថា៖ «១ថ្ងៃ២ថ្ងៃទៀត ស្នងការដ្ឋាននគរបាលភ្នំពេញនឹងហៅភាគីពាក់ព័ន្ធមកសួរនាំឱ្យច្បាស់ការពិត ទើបរកខាងណាខុសខាងណាត្រូវឱ្យពិតប្រាកដ»។
គួរឱ្យដឹងផងដែរថាកាលពីថ្ងៃសៅរ៍ ទី២៤ ខែមីនា ហ្វេសបុកឈ្មោះ បង តិច បានបង្ហោះនូវការមិនសុខចិត្តមួយដែលនគរបាលសង្កាត់ព្រែកឯង១ ក្រុមបានចាប់ឃាត់ឡានលោកដែលគ្មានខុសអីសោះសួររកប័ណ្ណបើកបរ ក្រោយមកក៏ប្រាប់គាត់ថាឯកសាររថយន្តរបស់គាត់ទាំងអស់សុទ្ធតែខុសច្បាប់និងបង្គាប់ឱ្យបង់លុយ ១ពាន់ដុល្លារជាថ្នូរបានឡានទៅវិញ បន្ទាប់ពីមិនព្រមបង់អស់រយៈពេលជាច្រើនម៉ោងខាងនគរបាលចរាចរណ៍ទាំងនោះបានទារប្រាក់ចំនួន ១៣៥ដុល្លារហើយក៏អនុញ្ញាតឱ្យធ្វើដំណើរបន្តទៀត៕