កំពង់ធំ៖ កាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ មានបុរសម្នាក់បានបាញ់សម្លាប់សមាជិកក្រុមគ្រួសារចំនួន ៣នាក់ បណ្តាលឱ្យស្លាប់ ២នាក់ និង ១នាក់ទៀតរងរបួសធ្ងន់។ ហេតុការណ៍នេះបានកើតឡើងនៅស្រុកតាំងគោក ខេត្តកំពង់ធំ។
អធិការដ្ឋាននគរបាលស្រុកតាំងគោក លោកវរសេនីយ៍ឯក សន តាល់ បានបញ្ជាក់ប្រាប់ EAC news ថា ជនសង្ស័យបានបាញ់សម្លាប់អតីតភរិយា លោកយាយ និងប្អូនប្រុស បណ្តាលឱ្យលោកយាយ និងប្អូនប្រុសស្លាប់ភ្លាមៗ ចំណែកឯអតីតភរិយារងរបួសធ្ងន់ត្រូវបានដឹកបញ្ជូនទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យ។
លោកវរសេនីយ៍ឯក សន តាល់ បានបញ្ជាក់ថា ក្រោយពីជនដៃដល់ បានបាញ់សម្លាប់គ្រួសារកាលពីយប់ថ្ងៃចន្ទ ជនដៃដល់នៅព្រឹកម៉ោង១០ ថ្ងៃទី២៨ ខែមីនា បានបាញ់សម្លាប់ខ្លួនឯងចំក្បាលបណ្តាលឱ្យស្លាប់ភ្លាមៗ ដែលស្ថិតនៅក្នុងភូមិប្រាសាទ ឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
អធិការដ្ឋាននគរបាលស្រុកតាំងគោកបានសន្និដ្ឋានថា ករណីបាញ់សម្លាប់សមាជិកគ្រួសារនេះ គឺកើតឡើងដោយសារមានជម្លោះក្នុងក្រុមគ្រួសារ។
នៅប៉ុន្មានម៉ោងមុននឹងជនដៃដល់ធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯង ជនដៃដល់បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់ខ្លួនឈ្មោះ «ជាងម៉ាប់ ស្រោបបន្តោងព្រះ» ដោយបានរៀបរាប់ថា ខ្លួនបានមកដល់ផ្នូរកុងម៉ានៅឃុំសាន់គរ ហើយជនដៃដល់បាននិយាយប្រាប់ទៅឪពុកម្តាយថា ខ្លួនចង់រស់នៅទីនេះ ហើយសុំទោសអ្នកមានគុណទាំងទ្វេ។
ជនដៃដល់បានរៀបរាប់ថា៖ «ប៉ាម៉ាក់កុំខឹងនឹងកូនអីកូនពិបាកទទួលយកណាស់ហេតុអ្វីបានជាគេមកបំបែកបំបាក់កូនបែបនេះទៅវិញ ប៉ាម៉ាក់សូមនាក់ទាំងពីកុំកើតទុកអីកូនសុំខម៉ាទោសនាក់ទាំង2នឹងបងប្អូនទាំងអស់ពីចម្ងាយផង បងអូរ បងក្ដី អាតូច អាហេង មីអូនជួយមើលថែលោកប៉ានាក់ម៉ាក់ផងខ្ញុំហត់ហើយខ្ញុំចង់សំរាក សូមនាក់ទាំងអស់គ្នាកុំជេរខ្ញុំអីនាក់មិនមែនខ្ញុំនាក់មិនដឹងនោះទេថាវាពិបាកទទួលយកខ្លាំងប៉ុណ្ណា»។
ឃាតកបានផ្តាំជាលើកចុងក្រោយទៅឪពុកម្តាយថា សូមកប់សពគាត់នៅជិតនឹងផ្នូរកុងម៉ានៅទីនេះដោយមិនចាំបាច់ធ្វើបុណ្យឱ្យរូបគាត់ទេ ពីព្រោះរូបគាត់ជាឃាតកដែលសម្លាប់មនុស្ស។
ឃាតករក៏បានបង្ហោះសារលាចុងក្រោយមួយទៀតរួមទាំងភ្ជាប់នឹងរូបភាពគ្រាប់កំាភ្លើងជាច្រើនគ្រាប់ និងកាំភ្លើងខ្លីមួយដើម ដោយសរសេរដូច្នេះថា៖ «យប់មិញខ្ញុំបានបាញ់សម្លាប់ប្រពន្ធខ្ញុំប្អូនថ្លៃខ្ញុំនឹងយាយមិនដឹងស្លាប់រឺរស់ទេជីវិតមនុស្ស ៣នាក់ច្បាប់គេមិនលើកលែងអោយខ្ញុំទេ»៕