ពិព័ណ៌វិទ្យាសាស្ត្រនិងបច្ចេកវិទ្យាបង្ហាញពីស្នាដៃកូនខ្មែរ និងទាក់ទាញចំណាប់អារម្មណ៍បរទេសមកលើកម្ពុជា
ភ្នំពេញ៖ កម្ពុជាបានរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រួមទាំងដាក់តាំងពិព័ណ៌ចាប់ពីថ្ងៃទី២៦ រហូតដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលកោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ មានស្ដង់ជាង២០០ បានដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះ ដែលបានបង្ហាញពីស្នាដៃរបស់កូនខ្មែរជាច្រើនដូចជារ៉ូប៊ូត គ្រឿងបញ្ជារលកសញ្ញា បច្ចេកទេសគ្រប់គ្រងកសិកម្មជាដើម។
និស្សិតផ្នែក IT កសិកម្ម យ៉ា រ៉ូហ្សា បានដាក់តាំងបង្ហាញស្នាដៃរបស់ក្រុមលោកទាក់ទងនឹងកសិកម្មឆ្លាតវៃដែលបង្ហាញពីមហិចិត្តារបស់ រ៉ូហ្សា នៅថ្ងៃអនាគតដែលអាចបង្កើតកសិដ្ឋានទំនើបមួយបាន។ កសិដ្ឋានរបស់រ៉ូហ្សាគឺបំពាក់ដោយបច្ចេកវិទ្យាកំណត់ចំណាំសំណើមដីដែលរក្សាសំណើមដល់ដីក្នុងកសិដ្ឋាន ការគ្រប់គ្រងកំដៅក្នុងរោងដំណាំបន្លែ និងប្រព័ន្ធសុវត្ថិភាពផ្សេងទៀតផងដែរ។ លោកថា៖ «ខ្ញុំនឹងប្រើស្មាតហ្វាមនេះជា Real life ហើយមិនប្រើភ្លើងរដ្ឋទេ ខ្ញុំនឹងប្រើសឡាដើម្បីគ្រប់គ្រងវាទាំងអស់។ ឥឡូវនេះមិនទាន់ចេញជារូបរាងទេព្រោះក្នុងគម្រោងសិក្សានៅឡើយ»។ ស្ដង់មួយទៀតដែលទទួលការចាប់អារម្មណ៍ពីមនុស្សជាច្រើនគឺស្ដង់យន្តហោះបញ្ជារបស់យុវជនមួយដែលក្រុមដែលដាក់ឈ្មោះថា KOMNIT។ ស្ដង់នេះដាក់បង្ហាញយន្តហោះបញ្ជាដែលផលិតដោយពួកគេ។
នាយកប្រតិបត្តិ KOMNIT លោក ជឿន ចននី បានលើកឡើងថា៖ «ខ្ញុំគិតថាការផលិតយន្តហោះបញ្ជានេះគឺជាចំណុចចាប់ផ្ដើមដំបូងគេបង្អស់មុននឹងចាប់ផ្ដើមដល់ចំណុចដែលយើងអាចផលិតយន្តហោះដែលអាចប្រើប្រាស់មែនទែនបាន»។ លោកសង្កេតឃើញថាក្នុងរយៈពេលឆ្នាំចុងក្រោយនេះយន្តហោះបញ្ជារបស់លោកទទួលបានការគាំទ្រច្រើនពីពលរដ្ឋ ខណៈលោកបញ្ជាក់ពីក្ដីស្រមៃទៅថ្ងៃអនាគតរបស់លោកក្នុងការផលិតយន្តហោះខ្នាតតូចដែលអាចឱ្យមនុស្សបើកបានផងដែរ។ លោកថា៖ «ទៅមុខទៀតយើងមិនមែនធ្វើតែផលិតផលយន្តហោះនេះទេ (យន្តហោះបញ្ជា) ប៉ុន្ដែយើងធ្វើប្រភេទយន្តហោះដែលអាចប្រើប្រាស់ក្នុងវិស័យកងទ័ព និងវិស័យពាណិជ្ជកម្ម»។ នៅក្បែរស្ដង់ KOMNIT រ៉ូប៉ូតមួយដែលមើលទៅដូចជា Luna Landing កំពុងរត់ពេញខាងមុខនៃស្ដង់ដែលមនុស្សគ្រប់គ្នាបានស្គាល់ថាជារ៉ប៊ូតរបស់កម្មវិធីដ៏ល្បីមួយនៅកម្ពុជាគឺ ROBOTCON។
អ្នកដឹកនាំកម្មវិធីរ៉ូប៊ូតរបស់ទូរទស្សន៍ជាតិលោក ប៉ាង ចំណាន បានលើកឡើងថាការដាក់តាំងពិព័ណ៌នៅថ្ងៃនេះគឺដើម្បីផ្សព្វផ្សាយបន្ថែមទៀតឱ្យពលរដ្ឋកម្ពុជាបានដឹងពីការប្រកួតរ៉ូប៉ូត ROBOTCON នៅកម្ពុជាឆ្នាំ២០២៣។ លោកបន្ថែមថាឆ្នាំនេះការប្រកួតរ៉ូប៉ូតកាន់តែលំបាកជាងមុខដែលនឹងធ្វើឱ្យអ្នកមើលចាប់អារម្មណ៍កាន់តែខ្លាំងផងដែរ។ លោកថា៖ «កម្មវិធីរបស់យើងនឹងរៀបចំនៅចុងខែមិថុនា និងខែសីហា ដែលជាការប្រកួតថ្នាក់ជាតិនិងអន្តរជាតិ»។ លោកយល់ថាការរៀបចំទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នាពេលនេះគឺបានបង្ហាញទៅកាន់ពលរដ្ឋ និងពិភពលោកថាកម្ពុជាស្ថិតក្នុងកម្រិតណានៃការអភិវឌ្ឍបច្ចេកវិទ្យា និងនាវានុវត្តន៍ ដែលនឹងខំអភិវឌ្ឍន៍ខ្លួនបន្ថែមទៀតផងដែរ។ មានស្ដង់ជាច្រើនដែលដាក់តាមបង្ហាញក្នុងពិព័ណ៌នេះដែលមានទាំងក្រុមហ៊ុនជាតិ និងអន្តរជាតិចូលរួម។ ម៉ូតអគ្គីសនីរបស់ក្រុមហ៊ុន VERY WORDS របស់កូរ៉េខាងត្បូងក៏បានទាក់ទាញការចាប់អារម្មណ៍ជាខ្លាំងពីអ្នកចូលរួមផងដែរ។
លោក Andy Chun បានប្រាប់ EAC News ថា៖ «នេះជាម៉ូដែលបន្ទាប់របស់យើងវាមានរាងដូច Honda PCX ដែលប្រជាជនកម្ពុជាចូលចិត្តម៉ូតូនេះគឺស្រដៀងគ្នារួមទាំងថាមពលខ្លាំង ឆ្នាំក្រោយយើងនឹងនាំម៉ូដែលនេះមកកាន់កម្ពុជា»។ ក្រុមហ៊ុនលោកបានបង្កើតរោងចក្រម៉ូតូអគ្គិសនីនៅកម្ពុជារួចរាល់ហើយនឹងសង្ឃឹមថាចែកចាយដល់អ្នកប្រើប្រាស់ក្នុងស្រុងនិងសង្ឃឹមថាចែកចាយទៅកាន់ប្រទេសផ្សេងទៀតក្នុងតំបន់ផងដែរ។ លោកថាមូលដែលជ្រើសរើសកម្ពុជាព្រោះប្រទេសនេះបានផ្ដល់លក្ខណៈងាយស្រួលដល់ក្រុមហ៊ុនឯកជនក្នុងការអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅក្នុងប្រទេស ជាពិសេសខេត្តសៀមរាបដែលមានសម្បត្តិបេតិកភ័ណ្ឌពិភពលោកនៅទីនោះដែលក្រុមហ៊ុនគិតថានឹងមានការលើកទឹកច្រើនលើការប្រើប្រាស់យានយន្តស្អាតនៅទីនោះ។ លោកថា៖ «សម្រាប់ឱកាសនៃយានយន្តអគ្គិសនីប្រទេសកម្ពុជាគឺជាប្រទេសកម្ពុជាគឺជាប្រទេសដែលយើងជ្រើសរើស។ ដូច្នេះពួកយើងចង់ពង្រីកពាណិជ្ជកម្មរបស់យើងចេញពីកម្ពុជាទៅកាន់ប្រទេសផ្សេងទៀតដូចជាម៉ាឡេស៊ី វៀតណាម ថៃ ឡាវ និងមីយ៉ាន់ម៉ា»។
រដ្ឋមន្ត្រីឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានថ្លែងថា ជនជាតិខ្មែរជាជនជាតិមួយដែលមានភាពច្នៃប្រឌិតខ្ពស់ដែលមិនទាន់ត្រូវបានគាស់បង្ហាញឡើងវិញ។ លោកបន្ថែមថាចាប់ពីពេលនេះទៅរដ្ឋាភិបាលបានចាប់ផ្ដើមពង្រឹងការច្នៃប្រឌិត និងវិទ្យាសាស្ត្រនេះទៅកាន់ពលរដ្ឋដែលនឹងចាប់ផ្ដើមពីថ្នាក់បឋមដល់ថ្នាក់ឧត្តម ដែលសង្ឃឹមថា ១០ ឬ២០ឆ្នាំទៀតកម្ពុជានឹងតាមទាន់ប្រទេសដទៃ។ លោកថា៖ «បញ្ញាញាណខ្មែរអត់អន់ទេ! រឿងបញ្ហាសំខាន់គឺរកបញ្ញាឱ្យគ្រប់ដើម្បីធ្វើមិចឱ្យបញ្ញាញាណហ្នឹងវារីកបានយកទីអនុវត្តន៍ចេញបានជារូបភាព»។
ពិព័ណ៌ថ្នាក់ជាតិនេះបិទបញ្ចប់នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ជាមួយនឹងភាពសប្បាយរីករាយ និងការចងចាំដ៏ល្អទាក់ទងនឹងវិទ្យាសាស្ត្របច្ចេកវិទ្យាដែលមាននៅកម្ពុជា ខណៈរដ្ឋមន្រ្តីសង្ឃឹមថាឆ្នាំក្រោយៗពិព័ណ៌នេះនឹងមានរ៉ូប៉ូតធ្វើដំណើរស្វាគមន៍អ្នកចូលរួម និងបច្ចេកវិទ្យា AI ជាច្រើនដាក់បញ្ចូលក្នុងពិព័ណ៌នេះផងដែរ៕