អាល្លឺម៉ង់៖ អាល្លឺម៉ង់មានបំណងទិញនូវកាំភ្លើងស្វ័យប្រវត្តិចំនួន ២៨គ្រឿង ដើម្បីដាក់ជំនួសនូវតំរូវការចាំបាច់ទៅលើសព្វាវុធដែលអស់ពីស្តុករបស់ប្រទេសអ៊ុយក្រែនកាលពីឆ្នាំមុន។ នេះបើផ្អែកតាមសេចក្តីព្រាងថវិកាជាតិរបស់អាល្លឺម៉ង់ដែលប្រភពសារព័ត៌៌មាននានាទទួលបាននារសៀលថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា អាវុធប្រភេទកាំភ្លើងធំធុនធ្ងន់ដូចជា Howitzers ដែលត្រូវបានអ្នកជំនាញយោធាចាត់ទុកថាជាអាវុធពីអតីតកាលបានត្រលប់មកវិញយ៉ាងគួរឱ្យចាប់អារម្មណ៍ ស្របពេលដែលអ៊ុយក្រែនព្យាយាមតបតឆ្លើយទៅវិញ ចំពោះការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ី។
គួរឱ្យដឹងផងដែរថា គណៈកម្មាធិការថវិកានៃសភាអាល្លឺម៉ង់នឹងសម្រេចលើកិច្ចព្រមព្រៀងអាវុធជាប្រភេទកាំភ្លើងធុនធ្ងន់នេះ នៅក្នុងសម័យប្រជុំសភាមួយដែលគ្រោងធ្វើឡើងនៅថ្ងៃពុធខាងមុខ។ រដ្ឋាភិបាលទីក្រុងទីក្រុងប៊ែរឡាំង ធ្លាប់បានផ្តល់នូវអាវុធប្រភេទ Howitzers នេះចំនួន ១៤គ្រឿងរួចទៅហើយឱ្យទៅកាន់ទីក្រុង គៀវ។ រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក បូរីស ពីស្តូរៀស (Boris Pistorius) នៅតែបន្តឆ្ពោះទៅមុខ បើទោះបីជាមានការរិះគន់ជាច្រើនលើកច្រើនសារថាការផ្គត់ផ្គង់សព្វាវុធសម្រាប់កងទ័ពអាល្លឺម៉ង់មានភាពយឺតយ៉ាវយ៉ាងណាក៏ដោយ។
គួរឱ្យដឹងថា ឯកសារខាងលើនេះក៏បានបញ្ជាក់ផងដែរថា ក្រសួងការពារជាតិអាល្លឺម៉ង់មានបំណងបង្កើតជម្រើសសម្រាប់លទ្ធកម្មនៃកាំភ្លើងធុនធ្ងន់ប្រភេទ Howitzers ចំនួន ១២គ្រឿងបន្ថែមទៀត ដើម្បីជំនួសអាវុធទាំងអស់ដែលបានប្រគល់ទៅឱ្យអ៊ុយក្រែន និងបន្ថែមនូវគ្រឿងបន្លាស់នានាសម្រាប់ផ្គត់ផ្គង់ដល់ទីក្រុង គៀវ ផងដែរ។
សូមបញ្ជាក់ថា កាំភ្លើងប្រភេទ Panzerhaubitze 2000 howitzer គឺជាអាវុធកាំភ្លើងធំដ៏មានឥទ្ធិពលបំផុតមួយរបស់យោធាអាល្លឺម៉ង់។ កាំភ្លើងប្រភេទនេះអាចធ្វើការវាយប្រហារគោលដៅនៅចម្ងាយ ៣០គីឡូម៉ែត្រជាមួយនឹងគ្រាប់កាំភ្លើងស្តង់ដារ និងអាចវាយប្រហារបាននៅចម្ងាយរហូតដល់ ១០០គីឡូម៉ែត្រជាមួយនឹងប្រភេទគ្រាប់រំសេវទំនើប៕