លោក ម៉ាង ស៊ីណេត មុនថ្ងៃប្រកាសចូលកាន់តំណែង បានដឹកនាំមន្ត្រីរាជការ អញ្ជើញទៅបួងសួងលោកយាយម៉ៅ សុំសេចក្ដីសុខសប្បាយ.! | សម្តេចប្រធានព្រឹទ្ធសភា ហ៊ុន សែន ទទួលគណៈប្រតិភូក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី | លោក អ៊ុ រាត្រី ដាក់ចេញនូវបទបញ្ជារយ៉ាងម៉ឺងម៉ាត់ទៅដល់រដ្ឋបាលក្រុង-ស្រុក ទប់ស្កាត់ការនាំចូល ផលិតផល ចែកចាយស្លឹក ក្រាក់ថំ សង្ស័យមានផ្ទុកសាធាតុញៀន | លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អនុញ្ញាតជូន លោកបណ្ឌិត ព្រំម វីរៈ ប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានខេមអេដ (CamEd Business School) និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ | ទស្សនាការផ្សាយផ្ទាល់:​ ពិធីប្រគល់សញ្ញាបត្រដល់គរុនិស្សិត គរុសិស្ស និងសម្ពោធអគាអន្តវេសិកដ្ឋានវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ |

សមត្ថកិច្ចស្វែករកបុរសដែលវាយស្ត្រីម្នាក់នៅស្តុបសន្ធរម៉ុកមកសួរនាំ និងអនុវត្តតាមនីតិវិធីច្បាប់

ភ្នំពេញ៖ ករណីបុរសម្នាក់ដែលយកមួកសុវត្ថិភាពទៅវាយក្បាលស្ត្រីម្នាក់ដែលជិះម៉ូតូឈប់ក្រោមស្ពានថ្មើរជើងសន្ធរម៉ុកកាលពីយប់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ពេលនេះសមត្ថកិច្ចកំពុងតែស្រាវជ្រាវរកបុរសម្នាក់នោះមកសួរនាំ និងចាត់វិធានការតាមនីតិវិធីច្បាប់។

ចំណាត់ការនេះធ្វើឡើង ក្រោយពីមានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «វណ្ណា ថតរូប» បានបង្ហោះវីដេអូលើបណ្តាញសង្គមបង្ហាញពីសកម្មភាពបុរសម្នាក់យកមួកសុវត្ថិភាពវាយទៅលើស្ត្រីម្នាក់ទាល់តែបែកមួកសុវត្ថិភាពនៅស្តុបសន្ធរម៉ុកក្រោមស្ពានថ្មើរជើងកាលពីយប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។

អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ប្រាក់ EAC news ថាក្រោយទទួលបានដំណឹងនេះភ្លាម អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក ស ថេត បានបញ្ជាឱ្យអាជ្ញាធរខណ្ឌទួលគោកស្រាវជ្រាវ និងស្វែងរកបុរសម្នាក់នោះមកសួរនាំ និងដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។

លោកវរសេនីយ៍ឯក សាន សុខសីហា បានចាត់ទុកករណីហិង្សាលើស្ត្រីនៅតាមទីសាធារណៈនេះគឺជាអំពើដ៏អាក្រក់។ លោកថ្លែងថា៖ «អំពើហិង្សាដែលផ្សព្វផ្សាយតាមបណ្តោញសង្គម ទាក់ទងនឹងបុរសម្នាក់យកមួកសុវត្ថិភាពវាយលើស្ត្រីម្នាក់ យើងមិនទាន់ដឹងពីទំនាក់ទំនងគាត់យ៉ាងណានោះទេ តែអំពើហិង្សានេះ គឺមើលទៅវាអាក្រក់មើលណាស់»។

លោក វណ្ណា ដែលជាអ្នកថតវីដេអូសកម្មភាពអំពើហិង្សានោះ បានបញ្ជាក់ប្រាប់ EAC news ថា កាលពីម៉ោងជាង ១០កន្លះយប់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ លោកបានឃើញផ្ទាល់នូវបុរសម្នាក់បានជិះម៉ូតូជាមួយស្ត្រីរងគ្រោះ ហើយក៏ឈប់ម៉ូតូ រួចក៏ដោះមួកសុវត្ថិភាពវាយលើស្ត្រីយ៉ាងពេញទំហឹង ហើយលោកក៏បានថតសកម្មភាពនោះទុកចែកចាយតាមគណនីរបស់ខ្លួន។

លោកប្រាប់ដូច្នេះថា៖ «ខ្ញុំឃើញពួកគាត់វៃគ្នានៅលើម៉ូតូ គាត់ឌុបគ្នាកាត់មុខឡានខ្ញុំ គាត់វៃគ្នាតាំងពីនៅជំហានឡានខ្ញុំ តែខ្ញុំអត់បានថតទេ ដោយសារខ្ញុំជាប់និយាយទូរស័ព្ទ បុរសនោះវៃស្ត្រីនោះអស់មួកសុវត្ថិភាពពាក់កណ្តាលហើយ ក៏ពួកគាត់ក៏ឈប់នៅកន្លែងស្តុបនោះ រួចហើយបុរសនោះក៏ចុះមកវៃទៀត ហើយថែមទាំងជេរស្ត្រីនោះ ទើបខ្ញុំថតជាប់សកម្មភាពនោះ ហើយស្តុបក៏លោតបៃតងក៏ខ្ញុំជិះផុតទៅ»។

បើតាមលោក វណ្ណា ពេលបុរសប្រើអំពើហិង្សាលើស្ត្រីរងគ្រោះ ក៏មានពលរដ្ឋមួយចំនួនចូលមកឃាត់បុរសនោះផងដែរ ប៉ុន្តែបុរសរូបនោះមិនព្រមស្តាប់ឡើយ។ សម្រាប់លោក មិនអាចទទួលយកបានឡើយនូវសកម្មភាពដែលសង្គមស្អប់ខ្ពើមមួយនេះ ខណៈរដ្ឋាភិបាលអនុវត្តផែនការលុបបំបាត់អំពើហិង្សាលើស្ត្រី និងជំរុញឱ្យលើកកម្ពស់ស្ត្រី។

យោងតាមមាត្រា២១៧ នៃក្រុមព្រហ្មទណ្ឌ និងវិសោធនកម្មក្រមព្រហ្មទណ្ឌ អំពើហិង្សាប្រព្រឹត្តិដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លានរៀល ទៅ ៦លានរៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក