BREAKING NEWS: នាយករដ្ឋមន្ត្រីម៉ាឡេស៊ីសង្ឃឹមថាប្រទេសលោកខាងលិចមើលពីគំរូនៃការគោរពដល់អ្នកដទៃរបស់សម្ដេចតេជោ
ភ្នំពេញ៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី លោក Anwar Ibrahim បានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលបានដឹកនាំប្រទេសដែលគោរពពុទ្ធសាសនាដ៏ធំមួយតែបានបង្ហាញនូវការគោរព និងឱ្យតម្លៃដល់សាសនាតូចៗដទៃ។
លោក Anwar បានថ្លែងថាក្នុងពេលដែលពិភពលោកកំពុងគំរាមកំហែងពីការរើសអើងជាតិសាសន៍ សាសនា ដូចនយោបាយពួកហ្វាស៊ីសជាពិសេសពួកលោកខាងលិច តែកម្ពុជាបានដើរផ្ទុយពីនេះ។
ថ្លែងក្នុងពិធីស្រាយបួសបុណ្យរ៉ាម៉ាឌនល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌល OCIC នាយករដ្ឋមន្ត្រីនៃប្រទេសម៉ាឡេស៊ីលោក Anwar សង្ឃឹមថាប្រទេសដែលកំពុងអនុវត្តន៍នយោបាយរើសអើសជាតិសាសន៍ ពិសេសលោកខាងលិចដែលអះអាងជាប្រទេសប្រជាធិបតេយ្យនិងសិទ្ធិមនុស្សឱ្យមើលពីគំរូនៃភាពដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ដែលនាំសន្ដិភាព និងសុខដុមសាសនាក្នុងប្រទេសកម្ពុជា។
ការថ្លែងរបស់លោក Anwar ធ្វើឡើងក្នុងពេលដែលលោកអញ្ជើញធ្វើទស្សនកិច្ចជាលើកដំបូងបន្ទាប់ពីលោកបានជាប់ជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីនៅកម្ពុជា។ ការធ្វើដំណើរទស្សនកិច្ចនេះគឺជាការបោះជំហានថ្មីមួយទៀតនៃទំនាក់ទំនងរវាងប្រទេសកម្ពុជា និងម៉ាឡេស៊ី ខណៈកិច្ចប្រជុំទ្វេភាគីរបស់មេដឹកនាំប្រទេសទាំងពីរកាលពីព្រឹកបានបង្ហាញសញ្ញាល្អនៃទំនាក់ទំនងនេះ៕