បារាំង៖ ឧបនាយករដ្ឋមន្រ្តីលោក ហោ ណាំហុង បានស្នើឱ្យឯកអគ្គរដ្ឋទូតបារាំងថ្មីប្រចាំកម្ពុជា បញ្ជូនអ្នកអង្កេតការណ៍បារាំងមកពិនិត្យមើលការបោះឆ្នោតនៅកម្ពុជាដែលធ្វើឡើងនៅខែកក្កដាខាងមុខនេះ។
ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានលើកឡើងបែបនេះក្នុងជំនួបជាមួយឯកអគ្គរដ្ឋទូតបារំាងថ្មីប្រចាំនៅកម្ពុជា លោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន (Mr. PELLET Jacques Paul Gaston) នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣។
ឯកអគ្គរដ្ឋទូតបារំាង បានឆ្លើយតបថានឹងមានក្រុមអ្នកអង្កេតការណ៍អ៊ឺរ៉ុបដែលអាចមកមុន ៣ខែដើម្បីសង្កេតមើល។
ជាមួយគ្នានោះដែរ ឯកអគ្គរដ្ឋទូតបារាំងលោក ប៉េលឡេត ហ្សាកស៍ ប៉ូល ហ្កាសស្តុន ក៏បានសួរជំហរកម្ពុជាអំពីសង្រ្គាមរុស្ស៊ី និងអ៊ុយក្រែន ដោយឧបនាយករដ្ឋមន្រ្តីកម្ពុជា បានឆ្លើយថា កម្ពុជាមានគោលការណ៍គ្រឹះ គឺប្រឆាំងការអន្ដរគមន៍កិច្ចការផ្ទៃក្នុង ឯករាជ្យ និងអធិបតេយ្យភាពនៃប្រទេសដទៃ ដូច្នេះបានជាកម្ពុជាមិនអាចគាំទ្ររុស្ស៊ីបាន តែបានបញ្ជូនក្រុមដោះមីនទៅជួយអ៊ុយក្រែន។
ឧបនាយករដ្ឋមន្រ្តី លោក ហោ ណាំហុង បានឱ្យដឹងថា ឆ្នាំ២០២៣នេះ ជាខួបអនុស្សាវរីយ៍លើកទី៧០ នៃឯករាជ្យកម្ពុជានៅថ្ងៃទី៩ វិច្ឆិកា ១៩៥៣ ដែលសម្ដេចព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ បានទទួលពីបារាំង ដោយព្រះអង្គបានធ្វើយុទ្ធនាការការទូត ដោយសន្ដិវិធី មិនមានការបង្ហូរឈាម ដូចនៅប្រទេសជិតខាងកម្ពុជាទេ។
លោក ហោ ណាំហុង យល់ថាស្ថានទូតគួរសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រៀបចំខួបអនុស្សាវរីយ៍នេះ ឱ្យបានល្អសមស្រប និងទំនាក់ទំនងមិត្តភាព និងសហប្រតិបត្តិការជិតស្និត រវាងប្រទេសទាំងពីរ។
លោក ហោ ណាំហុង ថ្លែងថា៖ "ទោះជាកម្ពុជាស្ថិតនៅក្នុងស្ថានភាព និយាយភាសាអង់គ្លេស តែកម្ពុជានៅតែជាសមាជិកជិតស្និត ក្នុងអង្គការហ្រ្វង់កូហ្វូនី និយាយភាសាបារាំង តាំងពីការបង្កើតអង្គការនេះមក"៕