លោក ហ៊ុន ម៉ាណែត៖ អ្នកណាយកឈ្មោះ និងរូបខ្ញុំទៅធ្វើរឿងខុសច្បាប់ សមត្ថកិច្ចចាប់ទៅមិនបាច់សួរខ្ញុំទេ
ភ្នំពេញ៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រាប់ទៅសមត្ថកិច្ចថា ប្រសិនឃើញនរណាម្នាក់យកឈ្មោះ និងរូបលោកទៅធ្វើរឿងខុសច្បាប់ សូមចាប់ខ្លួនបុគ្គលនោះទៅដោយមិនចាំបាច់សួរនាំលោកជាមុនឡើយ។
លោក ហ៊ុន ម៉ាណែត បានលើកឡើងថា មានពលរដ្ឋជាច្រើនពាន់នាក់បានថតរូប និង Selfie ជាមួយលោក ហើយក្នុងនោះក៏មានបុគ្គលម្នាក់បានយករូបថតដែលថតជាមួយលោក យកទៅគាបសង្កត់ពលរដ្ឋនៅក្នុងខេត្តព្រះសីហនុដោយអះអាងថាជាជំនួយការលោក ហ៊ុន ម៉ាណែត។
លោកសង្កត់ធ្ងន់ដូច្នេះថា៖ «ចាប់ទៅ មិនបាច់សួរទេ ជំនួយការខ្ញុំ ដើរជាមួយឆ្នាំរាល់ថ្ងៃក៏ដោយ ឱ្យតែធ្វើខុសចាប់ទៅ»។ លោកបន្ថែមថា៖ «ប្រសិនជាប្រាប់ខ្ញុំ ខ្ញុំនឹងប្តឹងជាបន្តទៀត (ប្តឹងយកឈ្មោះខ្ញុំទៅធ្វើរឿងខុសច្បាប់) អ៊ីចឹងថ្ងៃក្រោយបើអាជ្ញាធរដកពាក្យបណ្តឹង ក៏នៅជាប់ពាក្យបណ្តឹងរបស់ខ្ញុំដែរ»។
លោកបានថ្លែងបែបនេះ នៅក្នុងពិធីបើកការដ្ឋានសាងសង់ផ្លូវបេតុងចំនួន ២ខ្សែ ប្រវែងប្រមាណ ៣២គ.ម និងពិធីកាត់ឫសសីមា និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍) ស្ថិតក្នុងភូមិបារាយណ៍ ឃុំឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត ដែលជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជា តែងតែទទួលបានការស្រឡាញ់ និងគោរពពីប្រជាពលរដ្ឋជាច្រើនក្នុងអំឡុងលោកចូលរួមសម្ពោធសមិទ្ធផលនានា និងកម្មវិធីផ្សេងៗកន្លងមក។ មានពលរដ្ឋក្មេងចាស់ប្រុសស្រីជាច្រើនបានថតរូបជាមួយលោកទុកជាអនុស្សាវរីយ៍ ដោយអ្នកខ្លះថែមទាំងបានចាប់ថើបលោកក្នុងន័យគោរពស្រឡាញ់លោកផងដែរ៕