ក្រុងព្រះសីហនុ៖ នាយប់ម៉ោងជិត៧ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣នេះ មានករណីជម្លោះហិង្សា រវាងជនជាតិខ្មែរ ជាមួយជនជាតិចិន និងជនជាតិវៀតណាម នៅអាគារមួយកន្លែងម្តុំអូរសំអាត ក្នុងក្រុងព្រះសីហនុ បង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋ និងសមត្ថកិច្ចចុះអន្តរាគមន៍។
សមត្ថកិច្ចប្រាប់ជាដំណឹងថា ក្រោយមានករណីហិង្សានេះ សមត្ថកិច្ចបានចុះទៅអន្តរាគមន៍។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានស្រាវជ្រាវឃាតខ្លួនភាគីទាំងសងខាងខ្មែរចិន និងវៀតណាមសរុបចំនួន ១៣នាក់ មកកាន់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសួរនាំ និងចាត់ការតាមនីតិវិធីច្បាប់។
ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ លោក ណុប បញ្ញា បានបញ្ជាក់ប្រាប់ EAC News ថា ជម្លោះនេះគឺកើតឡើងដោយសារភាគីទាំងនោះមានបញ្ហាទាក់ទងនឹងរឿងប្រាក់កាក់។
ប្រភពពីភាគីខ្មែរដែលជាអ្នកលក់ដូរអីវ៉ាន់អនឡាញ បានបញ្ជាក់ថា មុនឈានដល់មានជម្លោះនេះ ភាគីវៀតណាម បានបញ្ជាទិញអីវ៉ាន់ ហើយបានបាញ់លុយឱ្យភាគីខ្មែរ ប៉ុន្តែភាគីខ្មែរបានប្រាប់ថា អត់ទាន់បានទទួលលុយដែលភាគីវៀតណាមបាញ់ឱ្យទេ។ រួចហើយភាគីវៀតណាមក៏បានហៅឱ្យភាគីខ្មែរមកទីតាំងរបស់ខ្លួនដើម្បីសួរនាំអំពីបញ្ហានេះ ហើយភាគីវៀតណាមក៏បានចាប់បង្ខាំងជនជាតិខ្មែរ ទើបបង្កឱ្យផ្ទុះនូវហិង្សាកើតឡើងរវាងខ្មែរ វៀតណាម និងចិនជាច្រើននាក់៕