ភ្នំពេញ៖ បេក្ខភាពអនាគតនាយករដ្ឋមន្ត្រីកម្ពុជាពីគណបក្សប្រជាជន លោក ហ៊ុន ម៉ាណែត បានលើកឡើងពីគ្រោះថ្នាក់នៃប្រទេសប្រសិនជាពលរដ្ឋសម្រេចជ្រើសរើសគណបក្សដឹកនាំប្រទេសខុស ដោយថាវានឹងនាំឱ្យប្រទេសធ្លាក់ក្នុងឱនភាព ជម្លោះវឹកវរចលាចល សង្គ្រាម ដូចដែលកម្ពុជាបានឆ្លងកាត់។
លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មីក្នុងជួរសិស្ស-និស្សិត នៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងសាលមហោស្រពកោះពេជ្រ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត ដែលជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាលផងនោះបានថ្លែងថាក្នុងរយៈកាលជាង ៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា បានបង្កើតនូវស្នាដៃ និងគុណបំណាច់ដ៏ច្រើនលើសលប់ជូនជាតិ និងប្រជាជន ដែលនេះគឺជាបទពិសោធន៍ដ៏គួរឱ្យជឿជាក់សម្រាប់ការបន្តដឹកនាំអភិវឌ្ឍប្រទេសប្រទេស និងផ្តល់នូវភាពកក់ក្តៅជូនប្រជាពលរដ្ឋទាំងក្នុងពេលបច្ចុប្បន្ន និងតទៅអនាគត។
លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជាបានតស៊ូលះបង់នៅក្នុងបុព្វហេតុជាតិជាច្រើនទៅតាមដំណាក់កាលនៃប្រវត្តិសាស្ត្រដែលរួមមាន ការរំដោះប្រជាជនចេញពីការកាប់សម្លាប់ក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត ការសម្រេចបាននូវសុខសន្តិភាពពេញលេញជូនជាតិ តាមរយៈនយោបាយឈ្នះ-ឈ្នះ និងជោគជ័យដ៏ត្រចះត្រចង់ក្នុងការការពារ និងសង្គ្រោះជីវិតប្រជាពលរដ្ឋរាប់លាននាក់ ឱ្យរួចផុតពីជ្រោះមរណៈនៃជំងឺកូវីដ-១៩។
លោកក៏បានរម្លឹកថា៖ «ប្រសិនបើយើងប្រលងធ្លាក់ យើងអាចប្រលងម្តងទៀតបាន ប៉ុន្តែបើជ្រើសរើសគណបក្សនយោបាយដឹកនាំប្រទេសខុស នោះនឹងនាំឱ្យប្រទេសធ្លាក់ទៅក្នុងឱនភាព ជម្លោះរឹកវរចលាចល ជាពិសេសហានិភ័យនៃការធ្លាក់ទៅក្នុងភ្នក់ភ្លើងសង្គ្រាម និងវិនាសកម្មបំផ្លិចបំផ្លាញនានា ដូចដែលធ្លាប់បានកើតមានរួចមកហើយនៅក្នុងប្រវត្តិសាស្រ្តដ៏ជូរចត់របស់យើងរួចមកហើយ»។
ក្នុងនាមជាកម្លាំងបន្តវេនរបស់គណបក្ស លោកបានស្នើដល់ យុវជនជាសមាជិក សមាជិកាបក្ស រួមគ្នាថែរក្សាការពារសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះឱ្យបានគង់វង្សយូរអង្វែង។ ទន្ទឹមនេះ ក៏ត្រូវខិតខំធ្វើទំនើបកម្មទាំងលើចំណេះដឹង និងការកសាងសមត្ថភាព ឱ្យក្លាយជាធនធានមនុស្សសម្រាប់ប្រទេសជាតិ ដើម្បីចូលរួមអភិវឌ្ឍមាតុភូមិរបស់យើងឱ្យកាន់តែរីកចម្រើនរុងរឿងទៅមុខផងដែរ៕