អាហ្សង់ទីន៖ សហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន (AFA) បានប្រកាសកាលពីថ្ងៃសៅរ៍ម្សិលមិញនេះថា ទីតាំងនៃមជ្ឈមណ្ឌលហ្វឹកហាត់របស់សហព័ន្ធត្រូវបានប្តូរមកដាក់ឈ្មោះរបស់កីឡាករ លីអូណែល ម៉េស៊ី (Lionel Messi) វិញ ក្នុងគោលបំណងដើម្បីជាការទទួលស្គាល់ និងកោតសរសើរនូវវីរភាពបាល់ទាត់របស់កំពូលកីឡាកររូបនេះ។
ប្រធានសហព័ន្ធកីឡាបាល់ទាត់អាហ្សង់ទីន លោក ក្លោឌីយ៉ូ តាពា (Claudio Tapia) បានសរសេរនៅលើបណ្ដាញសង្គម Twitter របស់លោកយ៉ាងដូច្នេះថា មជ្ឈមណ្ឌលហ្វឹកហាត់ The Casa de Ezeiza ស្ថិតនៅរដ្ឋធានី Buenos Aires ដែលជាទីកន្លែងប្រមូលផ្តុំកោះហៅក្រុមជម្រើសជាតិ នឹងត្រូវប្តូរមកឈ្មោះថ្មីហៅថា មជ្ឈមណ្ឌលហ្វឹកហាត់ Lionel Andres Messi ក្នុងការគោរពចំពោះកីឡាករល្អបំផុតក្នុងពិភពលោក។
Messi បានរួមចំណែកយ៉ាងសំខាន់ក្នុងការជួយឱ្យអាហ្សង់ទីនឈ្នះពាន World Cup ជាលើកទី ៣ របស់ខ្លួន ក្រោយរង់ចាំអស់រយៈពេល ៣៦ឆ្នាំ បន្ទាប់ពីយកឈ្នះបារាំងនៅក្នុងវគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់់ FIFA World Cup ២០២២ នៅប្រទេសកាតា។ Messi បានថ្លែងក្រោយការផ្លាស់ប្តូរឈ្មោះនេះថា៖ "ខ្ញុំពិតជាមានអារម្មណ៍រីករាយ ដែលការគោរពនេះពិតជាពិសេសណាស់សម្រាប់ខ្ញុំ"។
គួរបញ្ជាក់ថា ថ្មីៗនេះ Messi ទើបតែស៊ុតបញ្ចូលទីគ្រាប់ទី ៨០០ ក្នុងអាជីបរបស់ខ្លួន នាការប្រកួតមិត្តភាពអន្តរជាតិរវាងអាហ្សង់ទីន ជាមួយប្រទេសប៉ាណាម៉ា នាទីក្រុង Buenos Aires ដែលជាការប្រកួតដំបូងបង្អស់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនចំពោះមុខអ្នកគាំទ្រក្នុងទឹកដីរបស់ខ្លួន ចាប់តាំងពីការអបអរការឈ្នះពាន World Cup មក។ Messi នឹងបន្តដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីនប្រកួតមិត្តភាពអន្តរជាតិទល់នឹងប្រទេសគូរ៉ាកាវ នាថ្ងៃអង្គានេះ មុននឹងបន្តភារកិច្ចជាមួយក្លិប Paris Saint-Germain៕