អេស្ប៉ាញ៖ នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស (Pedro Sanchez) បាននិយាយកាលពីពេលថ្មីៗនេះថា ពិភពលោកគួរតែស្តាប់សំឡេងចិន ដើម្បីស្វែងរកផ្លូវចេញពីសង្រ្គាមនៅអ៊ុយក្រែន។ ការលើកឡើងបែបនេះបានធ្វើឡើង មុនពេលដែលនាយករដ្ឋមន្រ្តីអេស្ប៉ាញនឹងអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន នាសប្តាហ៍ក្រោយ។
លោក សាន់ឆេស បានថ្លែងក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុង ប្រ៊ុចសែល បន្ទាប់ពីបញ្ចប់កិច្ចប្រជុំជាមួយក្រុមប្រឹក្សាអឺរ៉ុបថា ប្រទេសចិនគឺជាតួអង្គដ៏សំខាន់មួយរបស់ពិភពលោក ដូច្នេះច្បាស់ណាស់ យើងត្រូវស្តាប់សំឡេងរបស់ចិន ដើម្បីមើលថាតើយើងទាំងអស់គ្នាអាចរួមគ្នាបញ្ចប់សង្គ្រាមនេះបានឬទេ និងថាតើអ៊ុយក្រែនអាចនឹងស្ដារបូរណភាពទឹកដីរបស់ខ្លួនឡើងវិញបានឬអត់។
នាយករដ្ឋមន្រ្តីអេស្ប៉ាញ លោក ផេដ្រូ សាន់ឆេស គ្រោងនឹងធ្វើទស្សនកិច្ចនៅរដ្ឋធានីប៉េកាំងរបស់ចិន នាថ្ងៃទី៣១ ខែមីនានេះ ហើយក៏គ្រោងមានជំនួបពិភាក្សាជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ផងដែរ។
កិច្ចប្រជុំរវាងមេដឹកនាំទាំងពីរត្រូវបានគេរំពឹងថា នឹងផ្តោតច្រើនទៅលើជម្លោះដែលកំពុងបន្តនៅអ៊ុយក្រែន ខណៈដែលប្រទេសចិនកន្លងមកក៏បានព្យាយាមបង្ហាញថាខ្លួនស្ថិតនៅលើជំហរអព្យាក្រឹត្យ និងបានដាក់ចេញនូវផែនការសន្តិភាពចំនួន១២ ស្របពេលដែលបានអំពាវនាវឱ្យមានបទឈប់បាញ់ពេញលេញ។ លោក សាន់ឆេស ក៏បានគាំទ្រជាសាធារណៈនូវសំណើសន្តិភាពរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វ្លូឌីមៀរ ហ្សេលេនស្គី ដែលរួមមានការទាមទារដើម្បីស្ដារទឹកដីរបស់អ៊ុយក្រែនឱ្យស្ថិតក្នុងស្ថានភាពដដែល មុនពេលការបញ្ចូលឧបទ្វីបគ្រីមៀរបស់រុស្ស៊ីក្នុងឆ្នាំ២០១៤៕