ប៉ូលិសចរាចរណ៍សង្កាត់ព្រែកឯងរងការចោទប្រកាន់ថាបានឃាត់ឡានបានជំរិតទារប្រាក់ពីពលរដ្ឋដល់ទៅ ១ពាន់ដុល្លារ
ភ្នំពេញ៖ រឿងរ៉ាវទាក់ទងនឹងនគរបាលចរាចរណ៍រាជធានីភ្នំពេញទៀតបន្ទាប់ពីរឿងសំដីអាក្រក់ដាក់ពលរដ្ឋ ចុះដកសោរម៉ូតូពីពលរដ្ឋ ជិះម៉ូតូដេញតាមឡានទាំងយប់ព្រោះឃើញអត់ពាក់ខ្សែក្រវ៉ាត់ ពេលនេះនគរបាលចរាចរណ៍សង្កាត់ព្រែកឯងនៅស្ដុប Tiger ត្រូវបានពលរដ្ឋចោទប្រកាន់ថាបានឃាត់ឡានសួររកប័ណ្ណបើកបរ និងថាម្ចាស់រថយន្តប្រើប្រាស់ឯកសារខុសច្បាប់ទាំងអស់ទារប្រាក់ដល់ទៅ ១ពាន់ដុល្លារ។
យោងតាមហ្វេសបុកមួយឈ្មោះ បងតិច ដែលបានបង្ហោះកាលពីម្សិលមិញ និងត្រូវបានចែកចាយដោយរដ្ឋមន្ត្រីព័ត៌មាន ខៀវ កាញារីទ្ធ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣នេះ ម្ចាស់ហ្វេសបុកនោះបានរៀបរាប់ថា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ បងប្រុសរបស់គាត់បានខ្ចីឡានពីគាត់ខ្ញុំទៅភ្នំពេញ លុះធ្វើដំណើរទៅដល់ស្ដុប Tiger សង្កាត់ព្រែកឯង រាជធានីភ្នំពេញ មានប៉ូលីស១ក្រុមបានឃាត់ឡាន ដោយសុំមើលប័ណ្ណបើកបរលុះមើលរួចហើយក៏ប្រាប់ថាឯកសារឡានទាំងអស់សុទ្ធតែក្លែងក្លាយនិងបង្គាប់ឱ្យបង់លុយ ១ពាន់ដុល្លារដើម្បីឱ្យគាត់យកឡានទៅវិញ។
ម្ចាស់ឡានបញ្ជាក់ថាឯកសាររបស់គាត់គឺត្រឹមត្រូវទាំងអស់ និងស្នើដល់នគរបាលឱ្យបង្ហាញកន្លែងណាដែលថាឯកសាររបស់គាត់ក្លែងក្លាយ។
ម្ចាស់គណនីខាងលើបញ្ជាក់ថា៖ «គាត់ (នគរបាលចរាចរណ៍) បានប្រាប់បងប្រុសនាងខ្ញុំថា ឡានរបស់នាងខ្ញុំប្រើប្រាស់ឯកសារក្លែងក្លាយ១ ឈៀក២ ស្លាកលេខ៣ លតាបត្រ័៤ នឹងពន្ធប្រចាំឆ្នាំសុទ្ធតែក្លែងក្លាយទាំងឣស់។ ហើយបានបង្កាប់ឣោយបងប្រុសខ្ញុំប្រគល់ប្រាក់ ១០០០$ ឣោយទៅគាត់ទើបគាត់ឣោយរថយន្តមកវិញ បងប្រុសនាងខ្ញុំសុំឣោយគាត់ ៥០ ០០០រៀល តែខាងប៉ូលីសមិនព្រមលុះឣស់រយៈពេលជាច្រើនម៉ោងខាងប៉ូលិសក៏បានទារប្រាក់ ១៣៥$ ពីបងប្រុសនាងខ្ញុំ ដោយសារបងប្រុសខ្ញុំគាត់ប្រញ៉ាប់ទៅធ្វើបុណ្យគាត់ក៏ព្រមឣោយ ហើយពេលនោះក្រុមប៉ូលិសក៏បានប្រាប់បងប្រុសនាងខ្ញុំថាហាមបង្ហោះរូបពួកគាត់តាមបណ្តាញសង្គម»។
ភាគីម្ចាស់រថយន្តលោក តិច បានប្រាប់មកកាន់ EAC News បន្ថែមថារថយន្តរបស់លោកជិះចំនួន៦ឆ្នាំហើយដោយមានឯកសារត្រឹមត្រូវតាមច្បាប់ទាំងអស់ និងថាមិនអាចទទួលយកបានឡើយចំពោះការចោទប្រកាន់ថាលោកល្មើសច្បាប់នោះ។
លោកបន្ថែមថា ថ្ងៃនគរបាលចាប់នោះឡានរបស់លោកមិនមានកំហុសចរាចរណ៍នោះទេ តែត្រូវនគរបាលហៅមើលបណ្ណបើកបរ រួចចោទប្រកាន់យកតែម្ដង។
អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានប្រាប់ EAC News ថាករណីនេះស្នងការនគរបាលរាជធានីភ្នំពេញបានកោះហៅភាគីទាំងពីររួចហើយ។ លោកថានាថ្ងៃស្អែកត្រូវនឹងថ្ងៃអាទិត្យទាំងភាគីនគរបាលចរាចរណ៍ និងភាគីម្ចាស់រថយន្តនឹងជួបតទល់គ្នាដើម្បីជជែកគ្នាស្វែងរកខុសត្រូវ។
នៅប៉ុន្មានខែចុងក្រោយនេះបញ្ហារវាងនគរបាលចរាចរណ៍ និងពលរដ្ឋមួយចំនួនក្នុងរាជធានីភ្នំពេញបានកើតមានជាច្រើនករណីដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់របស់ស្នងការនគរបាលរាជធានីភ្នំពេញជាខ្លាំង។ ទោះជាយ៉ាងណាស្នងការនគរបាលរាជធានីភ្នំពេញក៏មានវិធានការជាបន្តបន្ទាប់លើមន្ត្រីនគរបាលដែលខិលខូចផងដែរ៕