សិង្ហបុរី៖ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២២ឆ្នាំ បានប្រកួតចាញ់ក្រុមជម្រើសជាតិម៉ាឡេស៊ីអាយុក្រោម ២២ឆ្នាំ ដោយលទ្ធផល ៤-២ ក្នុងពានរង្វាន់យុវជន MERLION Cup ២០២៣ នៅឯប្រទេសសិង្ហបុរីនាល្ងាចថ្ងៃសុក្រ ទី២៤ ខែមីនានេះ។
ការប្រកួតធ្វើឡើងនៅកីឡដ្ឋាន Jalan Besar នាទឹកដីសិង្ហបុរី ខណៈដែលយុវជនម៉ាឡេស៊ីបានបើកការនាំមុខមុន ២គ្រាប់ដោយកីឡាករ Hakimi Azim នានាទីទី១៣ និងមួយគ្រាប់ទៀតដោយកីឡាករ Ruventhiran នៅនាទី៣០ មុនពេលដែលកីឡាករ លឹម ពិសុទ្ធ រកគ្រាប់តាមស្មើវិញនៅនាទី៣៦ នាំឱ្យចប់ការប្រកួតវគ្គទី១ ម៉ាឡេស៊ីនាំមុខកម្ពុជា ២-១។ ចូលមកដល់វគ្គទី២ កម្ពុជារកឱកាសតាមស្មើបានសម្រេចដោយកីឡាករ សៀង ចន្ធា នៅនាទីទី៥១ ពោលគឺ ៦នាទីប៉ុណ្ណោះបន្ទាប់ពីចាប់ផ្តើមវគ្គទី២ ប៉ុន្តែម៉ាឡេស៊ីបើកការនាំមុខវិញដដែលនៅនាទីទី៦២ ដោយកីឡាករ Fergus Tierney មុននឹងធានាគ្រាប់ជ័យជម្នះដោយកីឡាករ Najmudin Akmal នាទីទី៧៣។
កម្ពុជា នៅសល់ការប្រកួតដណ្តើមចំណាត់ថ្នាក់លេខ ៣ មួយទៀត ដោយត្រូវរង់ចាំអ្នកចាញ់រវាងក្រុមជម្រើសជាតិយុវជនអាយុក្រោម ២២ឆ្នាំរបស់សិង្ហបុរី ប្រកួតជាមួយក្រុមជម្រើសយុវជនអាយុក្រោម ២២ឆ្នាំរបស់ហុងកុងនាវេលាម៉ោង ៧ៈ៣០នាទីយប់នេះ។ គួរបញ្ជាក់ថា ពានរង្វាន់ MERLION Cup គឺជាពានដែលរៀបចំដោយសហព័ន្ធបាល់ទាត់សិង្ហបុរី ដែលអនុញ្ញាតឱ្យក្រុមចូលរួមប្រើប្រាស់តែកីឡាករអាយុក្រោម ២២ឆ្នាំប៉ុណ្ណោះ ខណៈឆ្នាំ២០២៣ ក្រុមដែលចូលរួមមានដូចជា ម្ចាស់ផ្ទះសិង្ហបុរី, កម្ពុជា, ម៉ាឡេស៊ី និង ហុងកុង៕