(កំពង់ឆ្នាំង):ស្ថានភាពនៃការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មានបងប្អូនអាជីវករ និងប្រជាពលរដ្ឋបានឆ្លងវីរុសកូវីដ-១៩ ក្នុង "ព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ២០២១” ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័សគួរឲ្យព្រួយបារម្ភ និង ចាំបាច់ត្រូវមានវិធានការសុខាភិបាលរដ្ឋបាលខេត្ត កំពង់ឆ្នាំង
បានសម្រេចជាបន្ទាន់បិទដំណើរការបណ្តោះអាសន្នផ្សារសាលាលេខ៥ និងការលក់ដូរនៅជុំវិញទីតាំងខាងលើទាំងអស់ក្នុងភូមិសាស្ត្រឃុំអូរឬស្សី ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបន្ទាប់ពីរដ្ឋបាលខេត្តបានទទួលលទ្ធផលពីវិទ្យាស្ថានសុខភាពសាធារណៈ រកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ-១៩ ចំនួន ៤នាក់ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២១។
ការបិទបណ្តោះអាសន្នខាងទីតាំងខាងលើនេះ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលវីរុសកូវីដ-១៩ ដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាបងប្អូនប្រជាពលរដ្ឋដែលចេញចូល ក្នុងទីតាំងផ្សារខាងលើ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត កំពង់ឆ្នាំងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ។
រដ្ឋបាលខេត្តកំពង់ឆ្នាំង បានអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក កម្មករបម្រើការងារក្នុងផ្សារសាលាលេខ៥ បើមានអាការៈសង្ស័យ សូមប្រញ៉ាប់រួសរាន់ទៅយកសំណាក់តេស្តរកមេរោគ កូវីដ-១៩ ជាបន្ទាន់នៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាចចាប់ពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នេះតទៅរៀងរាលពេលម៉ោងធ្វើការ៕