ស.ស.យ.ក រៀបចំកម្មវិធីជិះកង់ និងរត់ម៉ារ៉ាតុង ដើម្បីបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម
ភ្នំពេញ៖ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសហព័ន្ធកីឡាអត្តពលកម្មកម្ពុជា រៀបចំកម្មវិធីជិះកង់ និង រត់ម៉ារ៉ាតុង ( FUN RUN AND CYCLING) ដែលជាព្រឹត្តិការណ៍មុនអង្គរសង្ក្រាន្ត ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍អង្គរសង្រ្កាន្ត និងផ្តល់ឱកាសដល់ពលរដ្ឋខ្មែរដែលស្រលាញ់កីឡាបានបញ្ចេញសមត្ថភាព សមត្ថភាពបច្ចេកទេស និងការបណ្តុះបណ្តាល ដើម្បីទទួលបានបទពិសោធន៍ និងបង្ហាញពីសមត្ថភាពរបស់កម្ពុជា ក្នុងការត្រៀមខ្លួនការប្រកួតនាពេលខាងមុខ។
សហភាពសហព័ន្ធយុវជនកម្ពុជាបានបញ្ជាក់ថា កម្មវិធីនេះមានគោលបំណងសំខាន់គឺ ដើម្បីអបអរសាទរការឈានមកដល់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ និងការប្រកួតកីឡា ស៊ីហ្គេមលើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេមលើកទី១២ ។
ទន្ទឹមនោះ កម្មវិធីជិះកង់ និងរត់ម៉ារ៉ាតុង ក៏ដើម្បីផ្តល់ឱកាសដល់អត្តពលិកក្នុងការបង្ហាញពីទេពកោសល្យនិងសមត្ថភាពបច្ចេកទេសរបស់ពួកគេ លើកកម្ពស់ និងលើកស្ទួយអត្តពលិកកម្ពុជាឱ្យកាន់តែមានសក្ដានុពល និងត្រៀមខ្លួនជាស្រេចសម្រាប់កម្ពុជាយើងក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម។
គួរឱ្យដឹងដែរថា ព្រឹត្តិការណ៍ប្រណាំងកង់ និងរត់ម៉ារ៉ាតុងនេះ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៨ ខែមេសា សម្រាប់ការរត់ និងថ្ងៃទី៩ ខែមេសា សម្រាប់ការជិះកង់ នៅក្នុងបរិវេណឧទ្យានអង្គរ ខេត្តសៀមរាប ព្រមទាំងមានការលក់សំបុត្រនិងអាវសម្រាប់អ្នកចូលរួម ដោយថវិកាដែលបានមកពីការលក់សំបុត្រនិងអាវ នឹងត្រូវប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ។