
សម្តេចតេជោ ហ៊ុន សែន ប្រកាសប្តូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំងដល់ ក្មេងអាយុ ១២-១៧ឆ្នាំ ពីថ្ងៃទី០៦ ខែសីហា មកថ្ងៃទី០១ ខែសីហាវិញ
ភ្នំពេញ: នៅថ្ងៃសុក្រ ទី២៣ ខែកក្កដា ឆ្នាំ២០២១ នាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោ ហ៊ុន សែន សូមប្រកាសផ្លាស់ប្តូរថ្ងៃបើកយុទ្ធនាការចាក់វ៉ាក់សាំង ជូនក្មេងអាយុ ១២-១៧ឆ្នាំ ពីថ្ងៃទី០៦ ខែសីហា មកថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១វិញ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមថា សម្តេចនឹងធ្វើជាអធិបតីភាពក្នុងពិធីបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារ និងយុវវ័យ នៅមន្ទីរពេទ្យកាល់ម៉ែត ដោយសម្តេចនឹងនាំយកចៅៗរបស់ សម្តេចទាំងអស់ដែលមានអាយុ ១២-១៧ឆ្នាំ ទៅទទួលវ៉ាក់សាំងនៅថ្ងៃនោះតែម្តង ហើយក្រៅពីចៅរបស់សម្តេចក៏នៅមានចៅៗ របស់ថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតទៅទទួលវ៉ាក់សាំងផងដែរ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចាក់វ៉ាក់សាំងជូនក្មេងអាយុចាប់ពី ១២ឆ្នាំ ទៅ១៧ឆ្នាំនេះ ជាចំណុចពិសេសក្នុងការបើកដំណើរការសង្គមឡើងវិញ ជាពិសេសការសិក្សានៅតាមសាលារៀន ដែលយ៉ាងហោចណាស់ចាប់ពីថ្នាក់អនុវិទ្យាល័យឡើង។ ការចាក់វ៉ាក់សាំងនេះ នៅតែឈរលើគោលការណ៍ស្ម័គ្រចិត្ត។ តែសម្តេចសង្ឃឹមថា តាមការយល់ដឹង និងស្មារតីចូលរួមរបស់ប្រជាពលរដ្ឋនាពេលបច្ចុប្បន្ននេះ គឺមាតាបិតា និងអាណាព្យាបាល នឹងនាំកូនៗទៅទទួលវ៉ាក់សាំង។
សម្តេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវត្រូវបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ដោយត្រូវចូលរួម អនុវត្តនូវវិធានការការពារ "៣ការពារ និង៣កុំ" និងត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នូវវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីការពារ និងទប់ស្កាត់ការីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងរីករាលដាល៕