ភ្នំពេញ៖ ទីស្នាក់ការកណ្ដាលយុវជនសង្គមស៊ីវិលបានថ្កោលទោសចំពោះវិទ្យុដែលទទួលការគាំទ្រដោយបរទេសចំនួន២ គឺអាស៊ីសេរី និង Cambodiai Daily ដែលបង្កើតព័ត៌មានប្រឌិត ចាក់រុក ឆ្កឹះឆ្កៀល បោកបញ្ឆោត ពាក់ព័ន្ធនឹងក្រុមយុវជនសង្គមស៊ីវិលនាពេលកន្លងមក។
ក្នុងសេចក្ដីប្រកាសព័ត៌មានចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ប្រធានទីស្នាក់ការកណ្ដាលយុវជនសង្គមស៊ីវិលលោក ហេង សំណាង បានលើកឡើងថាការប្រឌិតរឿងរបស់ RFA និង Cambodia Daily លើក្រុមយុវជនសង្គមស៊ីវិលកន្លងមកគឺធ្វើឡើងដើម្បីចង់កេងចំណេញនយោបាយដើម្បីផ្គាប់ចិត្តម្ចាស់ជំនួយបរទេសប៉ុណ្ណោះ។
ក្នុងសេចក្ដីប្រកាសនោះបន្ថែមថា៖ «ការបណ្ដុះមនោគមវិជ្ជាខ្មៅរបស់ពួកគេនេះគឺជាចេតនាបំបែបបំបាក់ជាតិសាសន៍ខ្លួនឯងសុទ្ធសាធ ក្នុងចេតនាបង្ហាញដល់អន្តរជាតិឱ្យមើលងាយប្រជាជាតិខ្មែរក្នុងន័យអវិជ្ជមាន។ ផ្ទុយទៅវិញ ក្រុមសារព័ត៌មានខាងលើមិនដែលផ្សព្វផ្សាយរឿងពិត ក្នុងករណីទណ្ឌិត សម រង្ស៊ី តែងតែប្រមាថអង្គព្រះមហាក្សត្រជាញឹកញាប់ ក៏ពួកគេបិទភ្នែកមើលមិនឃើញស្ដាប់មិនឮ និងមិនដែលផ្សាយក្នុងន័យអប់រំប្រជាពលរដ្ឋកុំឱ្យយកគម្រូតាមដែរ»។
តំណាងយុវជនសង្គមស៊ីវិលនេះបានអំពាវនាវដល់ប្រជាជនខ្មែរគ្រប់មជ្ឈដ្ឋាន ជាពិសេស សិស្ស និស្សិត បញ្ញាវន្ត និងមន្ត្រីរាជការ ចូលរួមការពារតម្លៃជាតិសាសន៍ និងសីលធម៌នៅក្នុងសង្គមខ្មែរឱ្យបានថ្លៃថ្នូ ជាពិសេសយុវជនខ្មែរគួរមានការពិចារណាបែងចែកខុសត្រូវអ្វីជាប្រយោជន៍ខ្មែរ និងអ្វីជាប្រយោជន៍ដល់បរទេសដែលស្អប់ខ្មែរ៕