បន្ទាយមានជ័យ៖ យោងតាមរបាយការណ៍បឋម កាលពីល្ងាចថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ មានភ្លៀងលាយឡំខ្យល់កន្ត្រាក់ បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាង២០០ខ្នង-ផ្ទះ ក្នុងស្រុកចំនួន២ នៅខេត្តបន្ទាយមានជ័យ។
ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក សិទ្ធ ឡោះ បានបញ្ជាក់ដល់ EAC News ឱ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំនេះថា តាមព័ត៌មានឋមកាលពីវេលាម៉ោង១៧និង៣០នាទី នៅស្រុកថ្មពួក មានភ្លៀងមួយមេ លាយឡំខ្យល់កន្ត្រាក់ប៉ះពាល់ផ្ទះប្រជាពលរដ្ឋក្នុងឃុំចំនួន៣ លើ ៦ឃុំ របើកដំបូល ១៩៣ខ្នង ក្នុងនោះឃុំភូមិថ្មី ចំនួន ៩៨ខ្នង ឃុំថ្មពួក ៥៩ខ្នង ឃុំគំរូ ៣៦ខ្នង។
លោកបានឱ្យដឹងទៀតថា ស្រុកស្វាយចេក ប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៩ខ្នង លើ ២ភូមិដែលស្ថិតក្នុងឃុំទ្រាស ក្នុងនោះភូមិពន្លៃចាស់ប៉ះពាល់ចំនួន ៧ខ្នង និងភូមិពន្លៃថ្មី ចំនួន ២ខ្នង។
ជាមួយគ្នានោះ ស្នងការនគរបាលខេត្ត ក៏បានជំរុញណែនាំដល់សមត្ថកិច្ច នៅមូលដ្ឋានត្រូវចុះជួយពលរដ្ឋឱ្យបានទាន់ពេលវេលា ក្នុងករណីពលរដ្ឋរងគ្រោះផ្សេងៗ ជាក់ស្តែងករណីខ្យល់កន្ត្រាក់ ដែលតែងតែកើតមានជាយថាហេតុរៀងរាល់ឆ្នាំ៕