ក្រសួងអប់រំឱ្យសិស្ស និងនិស្សិតដែលស្ម័គ្រចិត្តរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេម-ប៉ារ៉ាហ្គេម មានច្បាប់សម្រាក
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឱ្យសិស្ស និស្សិត បុគ្គលិកអប់រំ ដែលចូលរួមស្ម័គ្រចិត្តរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឈប់សម្រាក ដើម្បីមានលទ្ធភាពចូលរួមក្នុងសកម្មភាពស្ម័គ្រចិត្តគាំទ្រដល់ការរៀបចំព្រឹត្តិការណ៍កីឡាដ៏ធំនេះ។
ក្រសួងអប់រំបានប្រាប់ដល់សាលារៀន ត្រូវរៀបចំការបង្រៀន និងរៀនតាមអនឡាញ ឬការប្រឡងនានា ការបង្រៀនក្នុងថ្នាក់តាមតម្រូវការជាក់ស្តែង អាស្រ័យលើកម្មវិធីសិក្សា និងកាលវិភាគសិក្សារបស់គ្រឹះស្ថាន សិក្សាផ្ទាល់។
ជាមួយគ្នានេះក្រសួងបានលើកទឹកចិត្តឱ្យបុគ្គលិកអប់រំ បុគ្គលិក និងសិស្សានុសិស្ស និស្សិត ចូលរួមទស្សនាដោយផ្ទាល់ ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា ដើម្បីចូលរួមគាំទ្រ និងលើកទឹកចិត្តដល់កីឡាករ កីឡាការិនីកម្ពុជា។
គណៈកម្មាធិការជាតិ CAMSOC បានប្រកាសត្រូវការអ្នកស្ម័គ្រចិត្តប្រមាណ ៧ពាន់នាក់ ដើម្បីចូលរួមបំពេញការងារ ក្នុងកិច្ចការស៊ីហ្គេមរបស់ជាតិឱ្យទទួលបានជោគជ័យ។
ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ គឺនៅសល់តែ ៤៣ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងនៅសល់តែ ៧២ថ្ងៃទៀត នឹងឈានដល់ការប្រកួតកីឡាប៉ារ៉ាហ្គេម៕