លោក ហ៊ុន ម៉ាណែត៖ សមយុទ្ធនាគឆ្នាំ២០២៣ ជាយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនក្នុងយុគសម័យថ្មី
កំពង់ឆ្នាំង៖ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក លោក ហ៊ុន ម៉ាណែត លើកឡើងថា សមយុទ្ធនាគមាសលើកទី៥ ក្រោមប្រធានបទ “ប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងការជួយសង្គ្រោះមនុស្សធម៌នៃកងទ័ពទាំងពីរកម្ពុជា-ចិន” គឺជាផ្នែកមួយនៃយន្តការអនុវត្តក្នុងក្របខ័ណ្ឌនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ដែលត្រូវបានឯកភាពគ្នារវាង សម្តេចតេជោ និងប្រធានាធិបតីចិនក្នុងជំនួបនៅរដ្ឋធានីប៉េកាំងកាលពីខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។
លោក ហ៊ុន ម៉ាណែត លើកឡើងបែបនេះក្នុងពិធីបើកសមយុទ្ធរួមគ្នារវាងកងទ័ពទាំងពីរកម្ពុជា-ចិន “នាគមាស-ឆ្នាំ២០២៣” នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ស្ថិតក្នុងភូមិសាស្ត្រឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។
លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ២០២៣នេះ ត្រូវបានកំណត់ជាឆ្នាំមិត្តភាពកម្ពុជា-ចិន ដោយក្នុងនេះប្រទេសទាំងពីរបានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវដំណើរការកសាងសហគមន៍វាសនារួម កម្ពុជា-ចិន សំដៅថែរក្សាផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជន និងប្រជាជាតិទាំងពីរ។
ជាមួយគ្នានេះដែរ លោកបញ្ជាក់ថា ការចាត់តាំងធ្វើសមយុទ្ធនាគមាសលើកទី៥ នេះពិតជាឆ្លើយតបទៅនឹងគោលបំណង និងសំណូមពរភារកិច្ចចំពោះមុខរបស់កងទ័ពនៃប្រទេសទាំងពីរ រួមទាំងតម្រូវការនៃកិច្ចសហប្រតិបត្តិការដើម្បីថែរក្សាសន្តិសុខនៅក្នុងតំបន់។
មេបញ្ជាការកងទ័ពរូបនេះ រំពឹងថានឹងទទួលបាននូវបទពិសោធន៍ជាក់ស្តែងលើការងារ និងទិសដៅមួយចំនួន ដូចជាការផ្លាស់ប្តូរបទពិសោធន៍លើប្រតិបត្តិការការពារសន្តិសុខក្នុងព្រឹត្តិការណ៍ធំៗ និងប្រតិបត្តិការជួយសង្គ្រោះមនុស្សធម៌ក្នុងគ្រោះមហន្តរាយផ្សេងៗ និងការលើកកម្ពស់ចំណងមិត្តភាព និងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេស ប្រជាជន និងកងទ័ពទាំងពីរ តាមរយៈការបង្កើនទំនុកចិត្ត ការប្រាស្រ័យទាក់ទងរាប់អានគ្នារវាងយោធិនជាលក្ខណៈបុគ្គល និងការស្វែងយល់អំពីវប្បធម៌គ្នាទៅវិញទៅមក ក៏ដូចជាការលេងកីឡាជាមួយគ្នា។
គួរឱ្យដឹងដែរថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ២០១៨ ២០១៩ និងឆ្នាំ ២០២០ ដោយសមយុទ្ធនាគមាសរបស់កងទ័ពប្រទេសទាំងពីរបានផ្អាកនៅឆ្នាំ២០១៧ កន្លងទៅ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ កន្លងទៅ ក៏ត្រូវបានផ្អាកផងដែរ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕








