ថៃ៖ ក្រុមហ៊ុនអាកាសយានដ្ឋានថៃ (AOT) មានផែនការក្នុងការវិនិយោគជាទឹកប្រាក់ប្រមាណ ៣៦,៨ពាន់លានបាត ឬប្រមាណជា ១,០៨ពាន់លានដុល្លារអាមេរិក ដើម្បីធ្វើការកែលម្អស្ថានីយ៍អ្នកដំណើរក្នុងអាកាសយានដ្ឋានអន្តរជាតិ ដន មឿង (Don Mueang Airport) នាទីក្រុងបាងកក ក៏ដូចជាដើម្បីបង្កើនសមត្ថភាពទទួលអ្នកដំណើរចុះចត និងជាការបង្កើនចំណូលនៃវិស័យទេសចរណ៍ជាតិ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់ AOT បានឱ្យដឹងថា ដំណើរការសាងសង់ និងកែលម្អនេះនឹងចាប់ផ្តើមពីឆ្នាំ២០២៣ និងបញ្ចប់នៅឆ្នាំ២០២៩ ដែលក្រោយការកែលម្អនេះបញ្ចប់ អាកាសយានដ្ឋាន ដនមឿង នឹងពង្រីកសមត្ថភាពទទួលភ្ញៀវទេសចរណ៍របស់ខ្លួនពីត្រឹម ៣០លាននាក់ ឡើងដល់ ៤០លាននាក់ក្នុងមួយឆ្នាំ។
AOT បានបន្ថែមថា គម្រោងនេះអាចជួយបង្កើនប្រាក់ចំណូលជាតិមួយផ្នែក ជាពិសេសប្រាក់ចំណូលពីវិស័យទេសចរណ៍ ក៏ដូចជាប្រាក់ចំណូលពីវិស័យសេវាកម្មនានាទាក់ទងនឹងទេសចរណ៍។ AOT ឱ្យដឹងថា គម្រោងនេះនឹងពង្រីកកន្លែងចតយន្តហោះបន្ថែមចំនួន ១២គ្រឿង និងស្ពានសម្រាប់ភ្ញៀវទេសចរណ៍ធ្វើដំណើរក្នុងអាកាសយានដ្ឋានចំនួន ១១កន្លែង។
AOT បាននិយាយថា ខ្លួននឹងប្រើប្រាស់លំហូរសាច់ប្រាក់ប្រតិបត្តិការសម្រាប់ការវិនិយោគនេះ។ ក្រុមហ៊ុន AOT គឺជាក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ និងដំណើរការប្រតិបត្តិការលើអាកាសយានដ្ឋានអន្តរជាតិធំៗចំនួន ៦ នៅក្នុងប្រទេសថៃ រួមបញ្ចូលទាំងអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ដែលជាអាកាសយានដ្ឋានធំបំផុតរបស់ថៃ ដែលអាចទទួលអ្នកដំណើរបានប្រមាណជា ៤៥លាននាក់ជារៀងរាល់ឆ្នាំ៕