ព្រៃវែង៖ ខេត្តព្រៃវែងមានប្រជាពលរដ្ឋសរុបជាង ១លាន ២សែននាក់។ ក្នុងខេត្តនេះមានផ្ទៃដីដាំដុះសរុបចំនួនជាង៣សែនហិកតា ក្នុងនោះផ្ទៃដីដាំដុះស្រូវវស្សាចំនួន ២៥ម៉ឺនហិកតា ផ្ទៃដីដាំដុះស្រូវប្រាំងចំនួនជាង ៧ម៉ឺនហិកតា និងផ្ទៃដីដាំដុះដំណាំរួមផ្សំផ្សេងៗមានចំនួន ១ម៉ឺន ២ពាន់ហិកតា។
ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង លោក អ៊ុក សំណាង បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី «ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមករបស់រដ្ឋបាលខេត្តព្រៃវែង» នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ថា ប្រជាជនខេត្តព្រៃវែងប្រមាណ ៧៨ភាគរយប្រកបមុខរបរកសិកម្ម។
លោកបន្តថា ព្រៃវែងគឺជាខេត្តដែលសកម្មខាងវិស័យកសិកម្ម ជាពិសេសរយៈពេល ៣ឆ្នាំជាប់ៗគ្នានេះខេត្តព្រៃវែងជាប់ជាខេត្តដែលផលិតស្រូវច្រើនជាងគេ ដោយក្នុងមួយឆ្នាំៗខេត្តព្រៃវែងមានកសិផលស្រូវចន្លោះពី ១លាន ៥សែនតោន ទៅ ១លាន ៦សែនតោន ដែលនាំចេញទៅបណ្តាប្រទេសជិតខាង។
លោកប្រធានមន្ទីរកសិកម្ម បានអះអាងថា វិស័យកសិកម្មក្នុងខេត្តព្រៃវែងមានវឌ្ឍនភាពដោយសារការអភិវឌ្ឍផ្នែកប្រព័ន្ធស្រោចស្រព និងប្រព័ន្ធធារាសាស្ត្រដែលគំាពារដល់ការស្រោចស្រពដំណំាកសិកម្ម។ កសិផលកសិកម្មដែលខេត្តទទួលបានក៏ព្រោះតែខេត្តអំណោយផលខាងភូមិសាស្ត្រជាលក្ខណៈទំនាបកណ្តាល មានស្ទឹង បឹងបួរ ហើយមានការយកចិត្តទុកដាក់ជំរុញ និងគាំពារវិស័យកសិកម្មពីថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធនានា។
លោកបន្ថែមថា៖ «អាចនិយាយបានថា ជាភាពឧស្សាហ៍ព្យាយាមរបស់ប្រជាកសិករក្នុងខេត្តព្រៃវែងដែលតស៊ូអំណត់អត់ធន់ ហើយឧស្សាហ៍ព្យាយាម»។
បើទោះបីខេត្តព្រៃវែងមានអត្រាផលិតស្រូវបានខ្ពស់ជាងគេ ប៉ុន្តែលោកថា ខេត្តព្រៃវែងនៅតែខ្វះលទ្ធភាពកែច្នៃស្រូវ ខណៈខេត្តមួយនេះមានតែរោងម៉ាស៊ីនកិនស្រូវតែ៦ប៉ុណ្ណោះ។ លោកប្រាប់ថា៖«ជាហេតុធ្វើឱ្យស្រូវដែលជាវត្ថុធាតុដើមរបស់យើងបានហូរចេញទៅបណ្តាប្រទេសជិតខាងជាច្រើនក្នុងមួយឆ្នាំៗ»។
តែយ៉ាងណាលោកថា ខេត្តនឹងបន្តបេ្តជ្ញាជំរុញវិស័យកសិកម្មប្រកបដោយភាពប្រសើរឡើងតទៅទៀត តាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធរបស់ក្រសួងពាក់ព័ន្ធ អភិវឌ្ឍប្រព័ន្ធស្រោចស្រច បង្កើនសមត្ថភាព និងចំណេះដឹងផ្នែកកសិកម្ម និងផ្នែកចិញ្ចឹមសត្វដល់ប្រជាកសិករ៕