ភ្នំពេញ៖ នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី Datuk Seri Anwar Ibrahim នឹងចូលរួមពិធីស្រាយបួសរ៉ាម៉ាឌនជាមួយនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក្នុងឆ្នាំ២០២៣នេះ។
នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះនៅលើហ្វេសបុកផេករបស់សម្ដេចកាលពីយប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ថា ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុងនិងក្រៅប្រទេសប្រមាណជាង ៥០០នាក់ ពិសេសលោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី ក៏នឹងមកចូលរួមស្រាយបួសនៅកម្ពុជាផងដែរ។
នៅថ្ងៃទី២៣ ខែមីនា នេះសាសនិកឥស្លាមនៅទូទាំងពិភពលោកនឹងចូលបួសខែរ៉ាម៉ាឌនរហូតដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៣។
សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានចូលរួមអបអរសាទរជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកផងដែរ។
សម្ដេចតេជោបានសរសេរថា៖ «ខ្ញុំសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង»។
បន្ទាប់ពីខកខានជួបជុំគ្នាពិសារអាហារស្រាយបួស ៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩ ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជានឹងរៀបចំពិធីនេះដែលមានសាសនិកឥស្លាមចូលរួមប្រមាណ ៦ ១០០នាក់៕