ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ បានចេញសារលិខិតសាទរទិវាពិភពលោកកម្ចាត់រោគរបេងដែលត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣ ក្រោមប្រធានបទ «មែនហើយ! យើងអាចបញ្ចប់ជំងឺរបេងបាន»។
នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រីបានលើកឡើងថា ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ កម្ពុជាបានសម្រេចសមិទ្ធផលក្នុងការប្រយុទ្ធនឹងជំងឺរបេងបានល្អប្រសើរ បើធៀបនឹង២០ឆ្នាំមុន កម្ពុជាក្លាយជាប្រទេសដែលស្ថិតក្នុងចំណោមប្រទេសដែលមានអត្រាអ្នកកើតជំងឺរបេងខ្ពស់ជាងគេក្នុងពិភពលោក។
សម្តេចបានថ្លែងថា៖ «តែក្នុងរយៈពេលយ៉ាងខ្លីកម្ពុជាបានក្លាយជាប្រទេសគំរូមួយសម្រាប់ពិភពលោកចំពោះការងារកម្ចាត់ជំងឺរបេងយ៉ាងសកម្ម និងប្រកបដោយប្រសិទ្ធភាព»។
សម្តេចបានលើកឡើងថា សមិទ្ធផលគួរជាទីគាប់ប្រសើរនេះ គឺសម្រេចបានដោយសារកើតចេញពីកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ប្រជាជាតិ និងតាមរយៈរាជរដ្ឋាភិបាលបានពង្រីកសេវាពិនិត្យ និងព្យាបាលជំងឺរបេងតាមយុទ្ធសាស្ត្រដូតស៍នៅគ្រប់មន្ទីរពេទ្យបង្អែក មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទាំងអស់ រួមទាំងថ្នាក់សហគមន៍ផងដែរ។
ក្នុងមួយឆ្នាំៗ មានប្រជាជនប្រមាណ ១០លាននាក់ កើតជំងឺរបេង ជាក់ស្តែងក្នុងឆ្នាំ២០២១ នៅក្នុងពិភពលោកមានប្រជាជនប្រមាណ ១០លាន ៦សែននាក់ កើតជំងឺរបេង ប៉ុន្តែអ្នកជំងឺប្រហែល ៣លាន ទៅ ៤លាននាក់ ក្នុងមួយឆ្នាំៗ ពុំទាន់បានទទួលសេវាថែទាំ និងព្យាបាលនៅឡើយ។ ជំងឺរបេងនៅតែឆក់យកអាយុជីវិតមនុស្សក្នុងមួយឆ្នាំៗប្រមាណ ១លាន ៤សែននាក់។
ជាក់ស្តែងនៅកម្ពុជាមានអត្រាធ្លាក់ចុះចំនួនអ្នកស្លាប់ច្រើនជាងប្រទេសដទៃ ដោយក្នុងឆ្នាំ២០២១ មានការថយចុះ ៥០ភាគរយ បើធៀបនឹងឆ្នាំ២០០០ គឺថយចុះពី ៤២ករណី មកត្រឹម ២១ករណ។ រីឯអ្នកកើតជំងឺរបេង បានថយចុះ ៥០ភាគរយផងដែរ គឺពី ៥៧៩ករណី មកត្រឹម ២៨៨ករណី។
សម្តេចថ្លែងថា៖ «ជោគជ័យរបស់ កម្ពុជាក្នុងការកំចាត់ជំងឺរបេង គឺជាស្នាដៃមួយដែលមានប្រទេសក្នុងចំនួនតិចតួចប៉ុណ្ណោះអាចសម្រេចបាន»។
តែយ៉ាងណាសម្តេចទទួលស្គាល់ថា កម្ពុជានៅតែមានអត្រាឈឺ និងស្លាប់ដោយសារជំងឺរបេង បើធៀបនឹងបណ្តាប្រទេសមួយចំនួនទៀត ខណៈនៅមានអ្នកជំងឺជាច្រើនទៀតដែលពុំទាន់បានទទួលសេវា។ ដើម្បីរួមគ្នាកាត់បន្ថយ និងប្រឆាំងជំងឺរបេង សម្តេចបានណែនាំឱ្យត្រូវបន្ត និងរួមគ្នាយកចិត្តទុកដាក់លើបញ្ហានេះដោយត្រូវជំរុញឱ្យមានសកម្មភាពផុលផុសក្នុងការប្រយុទ្ធប្រឆាំងជំងឺរបេង ហើយត្រូវជំរុញឱ្យមានសេវាថែទាំ បង្កើនការស្រាវជ្រាវនិងព្យាបាលជំងឺរបេងជាសកលនៅគ្រប់ទីកន្លែង និងសម្រាប់ជនគ្រប់រូប ដើម្បីជំរុញឱ្យអ្នកជំងឺទទួលបានការព្យាបាលបានទាន់ពេលវេលា។
សម្តេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា៖ «ប្រសិនបើប្រជាពលរដ្ឋមានសុខុមាលភាពល្អនឹងនាំឱ្យមាន ជីវភាពរស់នៅល្អប្រសើរ មានលទ្ធភាពខ្ពស់លើការបង្កើនចំណេះដឹង បង្កើនផលិតភាពដែលនឹងនាំមកនូវភាព រីកចម្រើនរុងរឿង។ ការបន្តរីកលូតលាស់សេដ្ឋកិច្ចរបស់កម្ពុជាគឺអាស្រ័យ លើសុខភាព និងសុខុមាលភាពរបស់ប្រជាជន ពិសេសប្រជាជនក្មេងៗដែលជាអនាគតរបស់ប្រទេស»៕