ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចូលរួមអបអរសាទរ និងសូមជូននូវពរជ័យ សិរីសួស្ដី សុភមង្គល ជូនដល់សាសនិកខ្មែរឥស្លាមកម្ពុជានៅក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងពិភពលោកដែលនឹងចូលបួសខែរ៉ាម៉ាឌននៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣ ខាងមុខ។
សម្ដេចតេជោបានសរសេរលើបណ្ដាញសង្គមរបស់សម្ដេចនៅថ្ងៃទី២២ ខែមីនានេះថា សម្ដេចសូមផ្ញើជូននូវក្តីនឹករលឹក និងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សា សុខសន្តិភាព សុខដុមនីយកម្មជាតិសាសន៍និងសាសនា ហើយមានជំនឿជឿជាក់លើការដឹកនាំរបស់សម្ដេច និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក រួមជាមួយនឹងប្រជាជនកម្ពុជាយើង។
ជាមួយគ្នានេះដែរ បន្ទាប់ពីបានខកខានរយៈពេល៣ឆ្នាំកន្លងមកដោយសារជំងឺកូវីដ-១៩ ឆ្នាំនេះ រាជរដ្ឋាភិបាល នឹងរៀបចំឡេីងវិញ នូវពិធីជួបជុំពិសាអាហារស្រាយបួសខែរ៉ាម៉ាឌន របស់សាសនិកឥស្លាមកម្ពុជា ថ្នាក់ជាតិលេីកទី៧ ឆ្នាំ២០២៣ ដែលមានការរៀបចំអ្នកចូលរួមប្រមាណជាង ៦ ១០០នាក់។
សម្ដេចតេជោបន្ថែមថា ឆ្នាំនេះក៏មានមិត្តភក្ដិបរទេសបានមកចូលរួមក្នុងនិងក្រៅប្រទេសប្រមាណជាង ៥០០នាក់ ពិសេស លោក Datuk Seri Anwar Ibrahim នាយករដ្ឋមន្ត្រី នៃប្រទេសម៉ាឡេស៊ី មកចូលរួមផងដែរ ។
សម្ដេចតេជោក៏សូមថ្លែងអំណរគុណដល់ខ្មែរឥស្លាមកម្ពុជាដែលបានចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យផងដែរ។
សម្ដេចបន្ថែមថា ទោះបីកម្ពុជាទទួលបានជោគជ័យក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ក៏ដោយ ក៏សម្ដេចសូមអំពាវនាវដល់ពលរដ្ឋ សុំបន្តការអនុវត្តតាមសារាចរណែនាំពីវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ ក៏ដូចជាសេចក្តីណែនាំរបស់ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជា ទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល ដោយយើងមិនត្រូវភ្លេចខ្លួន និងធ្វេសប្រហេស មើលស្រាលដល់ជំងឺដ៏កាចសាហាវនេះឡើយ បើទោះជាមានការថមថយ ធូរស្រាលហើយក៏ដោយគឺត្រូវរួមគ្នាការពារជាប់ជានិច្ច ដោយសូមបងប្អូនបន្តអនុវត្តតាមវិធានការ ការពារ ខ្ញុំជាប់ជាប្រចាំ ឱ្យបានខ្ជាប់ខ្ជួ ន និងសូមអញ្ជើញបងប្អូនទៅចាក់វ៉ាក់សាំងដូសទី៣ ទី៤ ទី៥ និងទី៦ ដើម្បីប្រឆាំងជំងឺកូវីដ-១៩ ដើម្បីបងប្អូន គ្រួសារបងប្អូន និងជាតិរបស់យើង ឱ្យបានគ្រប់ៗគ្នា៕