ភ្នំពេញ៖ គណៈកម្មាធិការអិចន្រ្តៃយ៍បានអនុម័តទទួលយកសេចក្តីព្រាងច្បាប់ស្តីពី «ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរវាងកម្ពុជា និងឡាវ» តាមសំណើរបស់រដ្ឋាភិបាល ប្រគល់ជូនគណៈកម្មការជំនាញរដ្ឋសភាពិនិត្យសិក្សា និងបានអនុម័តលើរបាយការណ៍ស្តីពី«សកម្មភាពការងាររបស់រដ្ឋសភា ចន្លោះសម័យប្រជុំរដ្ឋសភាលើកទី៨ និងលើកទី៩ នីតិកាលទី៦»។
កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយ ប្រធានរដ្ឋសភា សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ ដើម្បីអនុម័តលើរបៀបវារៈមួយចំនួន។។
អង្គប្រជុំពិភាក្សាបានសម្រេចអនុម័តប្រគល់ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដល់គណៈកម្មការ មហាផ្ទៃ ការពារជាតិ និងមុខងារសាធារណៈ នៃរដ្ឋសភា ដោយសហការជាមួយគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ពិនិត្យ សិក្សា ហើយធ្វើរបាយការណ៍ ជូនគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភាវិញ។
ក្នុងនោះដែរ អង្គប្រជុំបានពិនិត្យពិចារណាសំណើរបស់រាជរដ្ឋាភិបាល ដែលស្នើកោះប្រជុំរដ្ឋសភា ជាវិសាមញ្ញ នីតិកាលទី៦ ដើម្បីពិនិត្យ និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិត ឡាវ ដោយចាត់ទុកជាការប្រញាប់។
ជាមួយគ្នានេះ អង្គប្រជុំបានអនុម័តយល់ព្រមលើរបាយការណ៍ស្តីពី សកម្មភាពការងាររបស់រដ្ឋសភាចន្លោះសម័យប្រជុំលើកទី៨ និងលើកទី៩ នីតិកាលទី៦ ដោយប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា បំពេញបន្ថែមនូវសកម្មភាពការងាររបស់រដ្ឋសភា រហូតដល់ថ្ងៃបើកសម័យប្រជុំរដ្ឋសភា លើកទី៩ នីតិកាលទី៦ នាពេលខាងមុខ៕