សៀមរាប៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា ខណៈព្រះរាជដំណាក់នៅខេត្តសៀមរាបត្រូវបានភ្លើងឆេះ ហើយកំពុងតែជួសជុលនោះ ព្រះមហាក្សត្រទ្រង់ក៏កំពុងតែគង់ប្រថាប់នៅដំណាក់ធំទីនោះផងដែរ។
សម្តេចបានអះអាងថា ករណីឆេះព្រះរាជដំណាក់នៅខេត្តសៀមរាប គឺគ្រាន់តែឆេះព្រះរាជដំណាក់តូចប៉ុណ្ណោះ ចំណែកព្រះរាជដំណាក់ធំគឺនៅតែអាចឱ្យព្រះមហាក្សត្រគង់ប្រថាប់នៅបានជាធម្មតា។
ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតនៃវិទ្យាស្ថានវ៉ាន់ដាចំនួន ៤ ៧០៥នាក់ នាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្តេចតេជោបានលើកឡើងថា ព្រះមហាក្សត្រទ្រង់បន្តគង់នៅព្រះរាជដំណាក់ខេត្តសៀមរាប ហើយទ្រង់គង់នៅទីនោះដើម្បីសួរសុខទុក្ខប្រជាពលរដ្ឋនៅខេត្តសៀមរាប។
នាយករដ្ឋមន្ត្រីបានថ្លែងថា៖ «ឥឡូវព្រះកុរណា កំពុងតែគង់នៅព្រះរាជដំណាក់នោះ តែក្នុងព្រះរាជដំណាក់នោះមានអគារប៉ុន្មាននោះ គឺឆេះព្រះរាជដំណាក់មួយដែលហ្លួងម៉ែព្រះអង្គធ្លាប់គង់នៅកាលពីឆ្នាំ១៩៥៣។ ព្រះមហាក្សត្រគង់ប្រថាប់នៅព្រះរាជដំណាក់ធំ អត់មានអីប៉ះពាល់ទេ ហើយកន្លែងនោះធ្លាប់ត្រូវបានប្រជុំសភាទៅទីនោះដែរ»។
សម្តេចគូសបញ្ជាក់ថា អគារទាំងអស់ដែលស្ថិតនៅក្នុងព្រះរាជដំណាក់នោះកំពុងត្រូវបានជួសជុលឡើងវិញ ក្រោយមិនបានជួសជុលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
បើតាមសម្តេចតេជោ ព្រះរាជដំណាក់ខេត្តសៀមរាបធ្លាប់ត្រូវបានព្រះមហាវីរក្សត្រី នរោត្ដម មុនីនាថ សីហនុ គង់ប្រថាប់នៅជាមួយអតីតព្រះមហាក្សត្រ សម្តេច នរោត្តម សីហនុ ក្នុងពេលទ្រង់ដឹកនាំព្រះរាជបូជនីយកិច្ចដើម្បីទាមទារឯករាជ្យ ដែលឈានដល់ដំណាក់កាលទាមទារឯករាជ្យចុងក្រោយដោយជោគជ័យ គឺនៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។
សូមរំលឹកថា ព្រះរាជដំណាក់ ក្បែរព្រះអង្គចេក ព្រះអង្គចម បានឆាបឆេះកាលពីយប់ម៉ោង១០ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី (ទុស្សេខ្សែភ្លើង)៕