ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ឱ្យដឹងថាការតំឡើងឋានន្តរស័ក្កិផ្កាយ៤ ដល់លោក ហ៊ុន ម៉ាណែត គឺធ្វើឡើងដោយសម្ដេច និងសម្ដេចពិជ័យសេនា ដោយមិនជូនដំណឹងទៅលោក ហ៊ុន ម៉ាណែត នោះទេ។
សម្ដេចតេជោថាតាមច្បាប់តួនាទីអគ្គបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទទាំងអស់ត្រូវមានឋាន្តរស័ក្កិជានាយឧត្តមសេនីយ៍ទាំងអស់ តែលោក ហ៊ុន ម៉ាណែត ប្រកែកមិនព្រមទទួលដូច្នេះហើយទើបសម្ដេច និងសម្ដេចពិជ័យសេនាសម្រេចមិនទាន់ស្នើសុំព្រះមហាក្សត្រតម្លើងឋាន្តរស័ក្កិដល់លោក ហ៊ុន ម៉ាណែត។
សម្ដេចតេជោថា ដោយសារសួរម្ដងជាពីរដងលោក ហ៊ុន ម៉ាណែត បានបដិសេធជានិច្ចទើបចុងក្រោយសម្ដេចសម្រេចជាមួយសម្ដេចពិជ័យសេនាដោយឯកច្ឆ័ន្ទតែម្ដង។
សម្ដេចថា៖ «មើលទៅចាំសួរអាមួយហ្នឹងវាមិនព្រមចូលទេ»។
នេះជាការឱ្យដឹងពីសម្ដេចតេជោក្នុងពេលដែលសម្ដេចធ្វើជាអធិបតីពិធីចែកសញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣នេះ នៅកោះពេជ្រ រាជធានីភ្នំពេញ៕