ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការដួលរលំនៃប្រទេសណាមួយនឹងប៉ះពាល់ដល់ពិភពលោកទាំងមូល ដោយថាកម្ពុជាមិនចូលរួមជាមួយប្រទេសណាមួយដើម្បីបំផ្លាញប្រទេសណាមួយផ្សេងទៀតនោះទេ។
ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដា នៅកោះពេជ្រ ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថាពិភពលោកដែលមានការប្រកួតប្រជែងដើម្បីការរីកចម្រើននោះជាពិភពលោកដែលមានការរីកចម្រើនទាំងអស់គ្នា ព្រោះបច្ចុប្បន្នគ្រប់ប្រទេសនានាគឺជាសេដ្ឋកិច្ចបំពេញឱ្យគ្នា។
សម្ដេចតេជោបានលើកឡើងពីការពឹងផ្អែកសេដ្ឋកិច្ចរវាងប្រទេសកម្ពុជា ថៃ និងវៀតណាម ដែលថាការដួលប្រទេសណាមួយនោះនឹងទាញប្រទេសផ្សេងទៀតឱ្យធ្លាក់ចុះដូចគ្នា។
សម្ដេចថា៖ «កុំបន់ស្រន់ឱ្យប្រទេសណាមួយស្លាប់សេដ្ឋកិច្ចនោះវាជាគ្រោះថ្នាក់របស់យើង។ បើអាមេរិក និងអឺរ៉ុបធ្លាក់ចុះវានឹងប៉ះពាល់ដល់យើង»៕