ភ្នំពេញ៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សាន សុខសីហា បានបញ្ជាក់ប្រាប់ EAC News តាមទូរសព្ទថា សមត្ថកិច្ចបានឃាត់ខ្លួនអតីតសកម្មជនប្រឆាំងចំនួន ២រូប គឺលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល។
លោកបន្តថា សមត្ថកិច្ចបាននាំខ្លួនអតីតសកម្មជនប្រឆាំងចំនួន ២រូបនោះមកសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ EAC News ដែរថា អតីតសកម្មជនប្រឆាំងចំនួន ២រូបនោះត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ដោយសារពួកគេបានប្រមាថព្រះមហាក្សត្រ។
លោក ខៀវ សុភ័គ បានប្រាប់ឱ្យដឹងថា កន្លងមកអតីតសកម្មជនប្រឆាំងចំនួន ២រូប ធ្លាប់ត្រូវបានព្រះមហាក្សត្រលើកលែងទោសឱ្យម្តងរួចទៅហើយ។
ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានបង្ហោះសារមួយយ៉ាងខ្លីថា៖ «ហេតុអីបានពួកគេចូលចិត្តបង្ករឿងម្លេះ?»
គួរឱ្យដឹងផងដែរថាលោក យឹម ស៊ីណន បានបង្ហោះលើហ្វេសបុករបស់លោកនៅថ្ងៃនេះថា៖ «បើតាមសំឡេងពលរដ្ឋតាមហាងកាហ្វេ៖ ថ្ងៃនេះយើងអាចឃើញច្បាស់ថានរណាជាស្ដេចផែនដីពិតប្រាកដ» ខណៈលោក ហ៊ុន កុសល បានបង្ហោះរូបព្រះមហាក្សត្រជាមួយនឹងសំណេរថា «ពួកគេធ្វើបាបព្រះទ័យ និងបន្ទាបព្រះចេស្ដាព្រះមហាក្សត្រខ្មែរគ្រប់ច្រកបែបនេះ។ ទូលបង្គំជាអ្នកនយោបាយជំនាន់ក្រោយប្ដេជ្ញានឹងប្រើសមត្ថភាពដែលមានទាំងប៉ុន្មានចូលរួមពូនផ្ដុំជាមួយលោកប្រធាន កឹម សុខា ការពារព្រះចេស្តាក្សត្រ និងរាជបល្ល័ង្គដែលប្រជារាស្ត្រខ្មែរមិនអាចខ្វះបាន»។
បន្ទាប់ពីបង្ហោះបានប៉ុន្មាននាទីលោកបានលុបផុសនេះវិញនិងបានបង្ហោះសារមួយទៀតថា៖ «គ្រាន់តែខ្ញុំបង្ហោះសារដែលជាសំលេងរបស់អង្គុយផឹកការហ្វេសោះ បែរជាមានបងប្អូនជាច្រើនគិតប្រៀបធៀបទៅរឿងផ្សេងទៅវិញ។ ដូច្នេះដើម្បីកុំឲ្យមានការយល់ច្រឡំខ្លឹមសារដែលខ្ញុំបានបង្ហោះមុននេះ ខ្ញុំសូមលុបចេញវិញចុះ»។
ទោះជាយ៉ាងណាការបង្ហោះរបស់លោក ត្រូវបានឮដំណឹងដល់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងសម្ដេចបានចូលមកសរសេរថា «មិនបាច់លុបទេក្មួយ»។
ជាមួយគ្នានោះសម្ដេចបានឆ្លើយតបទៅនឹងអ្នកសួរក្នុងប្រអប់បញ្ចេញយោបល់ថាតើអាចមានទោសឬទេ? សម្ដេចតេជោ បានតបថាបើគ្មានទោសទើបចម្លែកព្រោះនេះមិនមែនជារបៀបបញ្ចេញមតិទេតែជាការបំភ្លៃការពិតមួយដោយចេតនា។ទោះយ៉ាងណាយើងទុកជូនតុលាការជាអ្នកកាត់ក្តី។
សម្ដេចតេជោបន្ថែមថា៖ «ក្មេងពាលមិនត្រូវអត់ឱនឲ្យវាទេព្រោះធ្លាប់អត់ឱនឲ្យម្តងរួចហើយ»។
បញ្ហាកើតឡើងរវាងលោក ញឹម ស៊ីណន កើតឡើងក្នុងពេលដែលព្រះមហាក្សត្រស្ដេចយាងទៅប្រទានព្រះអគ្គិជ័យព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅមុខអង្គរដោយអ្នកកាន់ស្វ័ត្រច្ឆ័ត្របានដើរមិនហ៊ានដើរពីមុននាយករដ្ឋមន្ត្រី ធ្វើឱ្យថតឃើញអ្នកកាន់បាំងពីលើនាយករដ្ឋមន្ត្រីវិញ ទោះជាយ៉ាងណាសម្ដេចតេជោក៏បានទាញអ្នកកាន់ស្វ័ត្រច្ឆ័ត្រមកបាំងពីលើព្រះមហាក្សត្រវិញផងដែរក្រោយពីសម្ដេចបានឃើញ។
លោក យឹម ស៊ីណន សមាជិកអតីតបក្សសង្គ្រោះជាតិប្រចាំប្រទេសជប៉ុនធ្លាប់ត្រូវបានតុលាការទម្លាក់ចោលការចោទប្រកាន់ពីបទរួមគំនិតក្បត់ និងញុះញង់ឱ្យមានភាពវឹកវងធ្ងន់ធ្ងរដល់សន្ដិសុខសង្គមម្ដងរួចមកហើយ កាលពីខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានសរសេរលិខិតសុំការជួយអន្តរាគមន៍ពីសម្ដេចតេជោ ហ៊ុន សែន ថា«លោកចង់រស់នៅក្នុងភាពគ្មានទោសដូចពលរដ្ឋធម្មតា» ទោះជាយ៉ាងណាលើកនេះយើងមិនដឹងថាលោក យឹម ស៊ីណន ហ៊ានដាក់លិខិតសុំការលើកលែងទោសដែលឬទេ បន្ទាប់ពីមានការប្រមាថដល់ព្រះមហាក្សត្របែបនេះ៕