ភ្នំពេញ៖ រដ្ឋាភិបាលជប៉ុនបានផ្តល់ជំនួយឥតសំណងចំនួនជាង ១៤ម៉ឺនដុល្លារសម្រាប់ជួយសាងសង់មជ្ឈមណ្ឌលបច្ចេកវិទ្យាសហគមន៍នៅក្នុងស្រុកបាទី ខេត្តតាកែវ។
កាលពីថ្ងៃទី១៧ ខែមីនា ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ុអិណុ អាត់ស៊ូស៊ី និងអ្នកតំណាងមកពីស្ថាប័នទទួលជំនួយទាំងពីរ បានចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណងនេះ។
ឯកអគ្គរាជទូត អ៊ូអិណុ សង្ឃឹមថា ជំនួយឥតសំណងនេះ នឹងពង្រឹងគុណភាពជីវិតរបស់ប្រជាជន និងនិស្សិតសរុប ៩ពាន់នាក់ដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់មិត្តភាពជប៉ុន-កម្ពុជាបន្ថែមទៀត។
លោក អិណុ អាត់ស៊ូស៊ី បានកត់សម្គាល់ថា ប្រទេសកម្ពុជាបាន និងកំពុងអភិវឌ្ឍយ៉ាងឆាប់រហ័ស។ ប៉ុន្តែកម្ពុជានៅតែមានបញ្ហាប្រឈមមួយចំនួនដែលត្រូវដោះស្រាយ ដើម្បីកែលម្អគុណភាពជីវិតរបស់ប្រជាជន។
លោកថ្លែងថា៖ «ជប៉ុន នឹងបន្តចូលរួមចំណែកក្នុងការដោះស្រាយបញ្ហាប្រឈមទាំងនោះ តាមរយៈគ្រោងការណ៍ជំនួយអភិវឌ្ឍន៍ផ្លូវការផ្សេងៗ រួមទាំងជំនួយគូសាណូ ផងដែរ»។
គូសបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៩១ គិតមកបច្ចុប្បន្ននេះមានរយៈពេលជាង ៣០ឆ្នាំ ជប៉ុនបានចូលរួមចំណែកក្នុងគម្រោងចំនួន ៧០៧ នៅទូទាំងប្រទេសកម្ពុជា តាមរយៈជំនួយឥតសំណង គូសាណូណ៕