សៀមរាប៖ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) លោក ថោង ខុន បានថ្លែងឱ្យដឹងថា ជាបឋមមានអត្តពលិកសរុបចំនួនជាង ១,១ម៉ឺននាក់ នឹងចូលរួមប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំនៅឆ្នាំ២០២៣ ខាងមុននេះ។
ថ្លែងនៅក្នុងព្រឹត្តិការណ៍ព្រះរាជពិធីប្រោសព្រះរាជទាន ព្រះអគ្គិជ័យកីឡា និងពិធីរត់ភ្លើងគប់កីឡា នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាបនាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ លោក ថោង ខុន បានបញ្ជាក់ថាគិតមកពេលនេះមានកីឡាករ និងកីឡាការិនីដែលមកពីប្រទេសអាស៊ានទាំង១១ សរុបចំនួន ១១ ៤៥៣នាក់ ដែលនឹងចូលរួមប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេម។
លោក ថោង ខុន បានបញ្ជាក់ថា ក្នុងនោះប្រទេសកម្ពុជាមានអត្តពលិកសរុបចំនួន ១ ៣២១នាក់ ប្រទេសឡាវ ៥៨៣នាក់ ប្រទេសព្រុយណេ ៨២នាក់ ប្រទេសឥណ្ឌណេស៊ី ១ ៧៣៦នាក់ ប្រទេសហ្វីលីពីន ១ ១២១នាក់ ប្រទេសម៉ាឡេស៊ី ១ ៤៤៣នាក់ ប្រទេសមីយ៉ាន់ម៉ា ៦៦៣នាក់ ប្រទេសសឹង្ហបុរី ១ ២៧១នាក់ ប្រទេសថៃ ១ ៧៥៥នាក់ ប្រទេសវៀតណាម ១ ២២៣នាក់ និងប្រទេសទីម័រខាងកើតចំនួន ៦៧នាក់។
លោកបន្តថា តួលេខនេះ អាចនឹងមានការប្រែប្រួលទៀត។ លោកថ្លែងថា៖ «ការចូលរួមពីប្រតិភូកីឡាគ្រប់ប្រទេស គ្រប់ប្រភេទកីឡា គឺជាសញ្ញានៃកម្លាំងសាមគ្គីភាព មិត្តភាព និងសហប្រតិបត្តិការល្អក្នុងមហាគ្រួសារចលនាអូឡាំពិកតំបន់ និងជាសក្ខីភាពគាំទ្រយ៉ាងពេញទំហឹងក្នុងដំណើរជោគជ័យឆ្ពោះទៅកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាស៊ីហ្គេម និងកីឡាប៉ារ៉ាហ្គេមឆ្នាំ២០២៣»។
គូសបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នឹងចាប់ផ្តើមធ្វើឡើងចាប់ពីថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣។ គិតត្រឹមថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ គឺនៅសល់តែ៤៥ថ្ងៃទៀតប៉ុណ្ណោះនឹងឈានដល់ព្រឹត្តិការណ៍ប្រកួតកីឡាដ៏ធំមួយនេះ។
ប្រភេទកីឡាដែលមាននៅក្នុងព្រឹត្តិការណ៍ស៊ីហ្គេម មានចំនួន ៣៦ប្រភេទ ហើយមាន ១៣ប្រភេទទៀតនៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉ារ៉ាហ្គេម៕