រុស្សី៖ វិមានក្រឹមឡាំងកាលពីថ្ងៃចន្ទម្សិលមិញបានបញ្ជាក់ថា ការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក្នុងការចេញដីកាចាប់ខ្លួនប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន គឺជាសញ្ញាការបង្ហាញអរិភាពយ៉ាងច្បាស់លាស់ទៅលើរុស្សី និងនិយាយដោយឡែកជាការបង្ហាញការប្រឆាំងទៅលើបុគ្គលផ្ទាល់តែម្តង។ យ៉ាងណាមិញ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ បានប្រាប់អ្នកសារព័ត៌មានថា រុស្ស៊ីកំពុងមានប្រតិកម្ម "ដោយស្ងប់ស្ងាត់" ហើយកំពុងនឹងបន្តការងាររបស់ខ្លួន។
ក្នុងសន្និសីទព័ត៌៌មានមួយ លោកបានបញ្ជាក់ថា៖ "យើងកំពុងឃើញការបង្ហាញអរិភាពយ៉ាងច្បាស់មួយចំនួនប្រឆាំងនឹងប្រទេសរបស់យើង និងប្រឆាំងទៅនឹងប្រធានាធិបតីរបស់យើង។ យើងបានកត់សម្គាល់ ប៉ុន្តែប្រសិនបើយើងយកចិត្តទុកដាក់លើវា ប្រាកដណាស់ថាគ្មានអ្វីល្អនឹងកើតឡើងពីបញ្ហានេះទេ។ ដូច្នេះហើយ យើងកត់សម្គាល់លើបញ្ហានេះដោយស្ងប់ស្ងាត់ និងរក្សាទុករឿងរ៉ាវទាំងអស់ដោយយកចិត្តទុកដាក់ និងបន្តធ្វើការងាររបស់យើង"។
គួរបញ្ជាក់ថា ចំពោះឥទ្ធិពលនៃចំណាត់ការរបស់ ICC ក្នុងការចេញដីកាចាប់ខ្លួនលោក ពូទីន ក៏ដូចជាចំណាត់ការស្នងការសិទ្ធិកុមាររបស់រុស្ស៊ី ចំពោះការចាប់ពង្រត់កុមារយ៉ាងច្រើនពីអ៊ុយក្រែន នៅតែមិនទាន់មានការបញ្ជាក់ច្បាស់នៅឡើយ។ ជាក់ស្តែង រុស្ស៊ីមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលគាំទ្រតុលាការ ICC ទេ មានន័យថា ដីកានេះមិនមានអានុភាពផ្លូវច្បាប់នៅក្នុងប្រទេសរុស្ស៊ីឡើយ។ ទោះជាយ៉ាងណាក៏ដោយ វិធានការនេះអាចរារាំងការធ្វើដំណើររបស់លោក ពូទីន ទៅកាន់ប្រទេសណាមួយក្នុងចំណោមប្រទេសទាំង ១២៣ ដែលទទួលស្គាល់យុត្តាធិការរបស់ ICC ។
រុស្ស៊ីមិនបានបដិសេធការយកកុមាររាប់ពាន់នាក់ពីអ៊ុយក្រែនចាប់តាំងពីការចាប់ផ្តើមនៃអ្វីដែលខ្លួនហៅថា "ប្រតិបត្តិការយោធាពិសេស" នោះឡើយ ប៉ុន្តែបាននិយាយថាខ្លួនបានធ្វើដូច្នេះដើម្បីការពារពួកគេតែប៉ុណ្ណោះ៕