ក្រុងព្រះសីហនុ៖ ក្រសួងសាធារណការនិងដឹកជញ្ជូន ស្នើឱ្យអ្នកបើកបរលើផ្លូវល្បឿនលឿន កុំបើកបរលើសល្បឿនកំណត់ និងត្រូវត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឱ្យបានត្រឹមត្រូវ។
ក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា ក្រសួងសង្កេតឃើញមានយានយន្តមួយចំនួនតូច នៅមិនគោរពច្បាប់ចរាចរណ៍ បើកបរលើសល្បឿនកំណត់ ការប្រើប្រាស់គន្លងផ្លូវមិនបានត្រឹមត្រូវ ការបើកបរបញ្ច្រាសទិស ព្រមទាំងការមិនទាន់យល់ពីការត្រួតពិនិត្យបឋម និងការមិនបានត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់ជាដើម ដែលកត្តាទាំងនេះអាចបណ្តាលអោយមាន គ្រោះថ្នាក់ជាយថាហេតុផ្សេងៗ។
ក្រសួងសាធារណការ ក៏ដូចជាក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ បន្តអំពាវនាវ និងក្រើនរម្លឹកដល់ប្រជាពលរដ្ឋឱ្យគោរពច្បាប់ចរាចរណ៍ អនុវត្តតាមគោលការណ៍សុវត្ថិភាព និងត្រូវត្រួតពិនិត្យបឋមមុនពេលចេញដំណើរ និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសទៀងទាត់តាមការកំណត់។
ក្រសួងបានឱ្យដឹងទៀតថា ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានយានយន្តធ្វើចរាចរណ៍សរុបប្រមាណ ១,៤លានដង ក្នុងរយៈពេល៤ខែ គិតចាប់ពីខែវិច្ឆិកា ឆ្នាំ២០២២ ដល់ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ។
គួរឱ្យដឹងដែរថា គ្រោះថ្នាក់ចរាចរណ៍លើផ្លូវល្បឿនលឿនកើតមានឡើងចំនួន ៦២ករណី ស្វែងរកជំនួយសង្គ្រោះចំនួន ១ ១៥៦ករណី និងសួរព័ត៌មានពិគ្រោះយោបល់ចំនួន ៥ ០៧៤ករណី៕