ភ្នំពេញ៖ កូនប្រុសម្នាក់ទៀតរបស់នាយករដ្ឋមន្ត្រីគឺលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាមេបញ្ជាការរងបញ្ជាការដ្ឋានកងទ័ពជើងគោក។
ក្នុងអនុក្រឹត្យចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន បានសម្រេចតែងតាំងលោក ហ៊ុន ម៉ានិត ជាមេបញ្ជាការរងកងទ័ពជើងគោកបន្ថែមលើកការងារបច្ចុប្បន្នដែលជាប្រធាននាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។
ការសម្រេចតែងតាំងនេះគឺស្របពេលដែលបងប្រុសរបស់លោកគឺលោក ហ៊ុន ម៉ាណែត ដែលជាមេបញ្ជាការទ័ពជើងគោកត្រូវបានព្រះមហាក្សត្រតំឡើងឋាន្តរស័ក្កិឡើងជានាយឧត្តមសេនីយ៍ (ផ្កាយ៤) ក្នុងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣ ផងដែរ។
គួរឱ្យដឹងផងដែរថាលោក ហ៊ុន ម៉ានិត គឺជាកូនប្រុសទី២របស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ដែលត្រូវជាប្អូនបង្កើតរបស់លោក ហ៊ុន ម៉ាណែត។ កើតនៅឆ្នាំ១៩៨១ លោក ហ៊ុន ម៉ានិត បានចូលបម្រើការងារក្នុងជួរកងទ័ពតាំងពីឆ្នាំ២០០៩ រហូតក្លាយជាប្រធាននាយកដ្ឋានស្រាវជ្រាចចារកិច្ចនៃបញ្ជាការដ្ឋានកងយោធិពលខេមរភូមិន្ទក្នុងឆ្នាំ២០១៥។
ក្រៅពីតួនាទីនេះលោក ហ៊ុន ម៉ានិត ក៏ជានាយករងខុទ្ទកាល័យនាយករដ្ឋមន្ត្រី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី ជាអនុប្រធានគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម និងបាតុកម្មផងដែរ៕