សៀមរាប៖ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។
ព្រះអគ្គីជ័យកីឡាស៉ីហ្គេមត្រូវបានប្រទានដោយព្រះមហាក្សត្រស្របពេលដែលថ្ងៃរះចំកណ្ដាលប្រាសាទអង្គរវត្ត នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ។
ព្រះអគ្គីនេះនឹងក្លាយជានិមិត្តរូបនៃសន្តិភាពធ្វើឲ្យការរៀបចំពិធីទទួលបានជោគជ័យ បារមីនៃវត្ថុស័ក្កសិទ្ធិដែលថែរក្សាកម្ពុជាទាំងមូល និងប្រសិទ្ធិពរជ័យឲ្យព្រះអគ្គីនេះក្លាយជាភ្លើងមានសុភមង្គលសម្រាប់ថ្ងៃព្រឹត្តិការណ៍ទាំងពីរខាងលើ។
ភ្លើងអគ្គិជ័យដែលយកបានពីព្រះអាទិត្យរះនៅប្រាសាទអង្គរវត្តនឹងត្រូវរក្សាទុកនៅក្នុងចង្កៀងពិសេសមួយ ដើម្បីយកតាមទៅកាន់ប្រទេសផ្សេងៗទៀត ដើម្បីធ្វើជានិមិត្តរូបនៃការរត់កាត់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាការបំផុសចលនាឲ្យប្រទេសទូទាំងអាស៊ីអាគ្នេយ៍ឲ្យគាំទ្រការរៀបចំការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា៕









PHOTO: KOK KY

