លោក ហ៊ុន ម៉ាណែត ប្រាប់ឱ្យ Cambodia Daily Khmer បង្ហាញភស្ភុតាងដែលចោទលោកថានៅពីក្រោយការរកស៊ីឈើខុសច្បាប់នៅកម្ពុជា
ភ្នំពេញ៖ អគ្គបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានប្រាប់ឱ្យសារព័ត៌មាន Cambodia Daily Khmer ឱ្យបង្ហាញភស្ភុតាងដែលបានចោទប្រកាន់លោកថានៅពីក្រោយការរកស៊ីខុសច្បាប់នៅកម្ពុជា។ លោកថាសារព័ត៌មានដែលមានមូលដ្ឋាននៅអាមេរិកនេះបានធ្វើការផ្សាយព័ត៌មានកែច្នៃពីប្រភពព័ត៌មានដើមដែលមានចេតនាទុច្ចរិត និងផ្សាយមិនពិត។
ថ្លែងក្នុងពិធីសម្ពោធឆ្លងឧបដ្ឋានសាលា និងសមិទ្ធផលនានា ក្នុងវត្តសុវណ្ណគិរី ហៅវត្តជៀស ស្ថិតក្នុងឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ាណែត ថាការចោទប្រកាន់ពី Cambodia Daily មកលើលោក ហ៊ុន ម៉ាណែត គឺជារឿងហួសព្រំដែនដែលលោកទទួលយកមិនបានខណៈដែលសារព័ត៌មានដែល Cambodia Daily ស្រង់យកមកចុះផ្សាយយកមកចោទប្រកាន់លោកនោះគឺខុសពីអ្វីដែលប្រភពដើមបានសរសេរ។
លោកបន្ថែមថា៖ «នៅក្នុងអត្ថបទដែលគេចុះមកនោះគឺគ្មានកន្លែងណាដែលក្នុងអត្ថបទដែលចុះដោយសារព័ត៌មាន Mogabey ដែលនិយាយថា ហ៊ុន ម៉ាណែត ជាមេបណ្ដាញឈ្មួញឈើខុសច្បាប់ទេ! អត់មាននិយាយសោះ»។
លោកប្រាប់ឱ្យ Cambodia Daily បង្ហាញភស្ភុតាងដែលខ្លួនបានចោទប្រកាន់មកលើលោកថាត្រង់ចំណុចណានៃអត្ថបទរបស់ Mongabay ដែលថាលោកនៅពីក្រោយការកាប់ឈើខុសច្បាប់នោះ។
សារព័ត៌មាន Cambodia Daily Khmer បានចុះផ្សាយកាលពីថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ក្នុងចំណងជើងថា «សារព័ត៌មានអន្តរជាតិលាតត្រដាងពីបណ្ដាញរកស៊ីឈើខុសច្បាប់របស់លោក ហ៊ុន ម៉ាណែត»។ ក្នុងខ្លឹមសារសារព័ត៌មាននេះបានចុះផ្សាយថា សារព័ត៌មាន Mongabay ដែលមានមូលដ្ឋាននៅក្នុងប្រទេសអង់គ្លេសបានចេញផ្សាយររបាយការណ៍ស៊ើបអង្កេតរបស់ខ្លួនដែលបានបង្ហាញនូវរចនាសម្ព័ន្ធខ្សែស្រឡាយដែលនៅពីក្រោយបទល្មើសឈើខុសច្បាប់ និងក្រុមហ៊ុនមួយចំនួនក្នុងនោះរួមមានលោក ហ៊ុន ម៉ាណែត និងមន្ត្រីជាន់ខ្ពស់ផ្កាយ៣ នៅក្រសួងមហាផ្ទៃ គឺឧកញ៉ា ម៉ឹក សុផាន់ណារ៉េត ដែលគេស្គាល់ជាទូទៅថាឧកញ៉ាជ័យផងដែរ។
បើទោះជាយ៉ាងណាអត្ថបទដើមមិនបានសរសេរបែបនេះនោះទេ។
ក្នុងអត្ថបទដែលចុះផ្សាយដោយ Mongabay ចេញផ្សាយកាលពីថ្ងៃទី៨ ខែមីនា សារព័ត៌មាននេះបានសរសេរថា «មន្ត្រីពន្ធនាគារកម្ពុជាជាប់សង្ស័យក្នុងប្រតិបត្តិការកាប់ឈើស្របច្បាប់ទ្រង់ទ្រាយធំ» ដោយក្នុងនោះបានលើកឡើងពីឈ្មោះឧកញ៉ាជ័យដែលជាមន្ត្រីជាន់ខ្ពស់ម្នាក់នៃក្រសួងមហាផ្ទៃមានពាក់ព័ន្ធនឹងការកាប់ឈើនៅកម្ពុជា ខណៈសារព័ត៌មាននេះបានស្រាវជ្រាវពីប្រវត្តិរបស់លោកដែលថាជាសមាជិកយុវជនគណបក្សប្រជាជននៅសហរដ្ឋអាមេរិក ដែលមានលោក ហ៊ុន ម៉ាណែត ជាប្រធានយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្ដាលប៉ុណ្ណោះ។
លោក ហ៊ុន ម៉ាណែត បានលើកថា៖ «ទី១ គេថាបុគ្គលហ្នឹងជាសមាជិកនៃក្រុមក្រៅប្រទេសរបស់ខ្ញុំរបស់យុវជនគណបក្សប្រជាជនកម្ពុជាដែលខ្ញុំជាប្រធាន។ ទី២ គេយករូបថត៣សន្លឹកដែលខ្ញុំថតជាមួយម្នាក់ហ្នឹង៣សន្លឹកដែលខ្ញុំថតនៅកម្មវិធីសាធារណមិនមែនថតកម្មវិធីឯកជននៅផ្ទះខ្ញុំស្និតស្នាលទេ។ កម្មវិធីការ កម្មវិធីជប់លៀង ហើយការសែត Mongaby បានលើកអាហ្នឹងហើយក៏គ្មានកន្លែងណាមួយដែលកាសែតនេះបានចោទថាខ្ញុំជាមេបណ្ដាញឈើខុសច្បាប់ទេ»។
Cambodia Daily មិនទាន់មានការឆ្លើយតបយ៉ាងណានោះទេលើករណីនេះ។
ប្រធានក្លិបអ្នកកាសែតកម្ពុជា លោក ពុយ គា យល់ថាបញ្ហានេះអាចកើតឡើងដោយសារការបកប្រែ តែទោះជាយ៉ាងណាលោកយល់ថា Cambodia Daily គួរពិនិត្យទៅលើអត្ថបទរបស់ខ្លួនឡើងវិញ។
លោកថា៖ «វាអត្ថន័យ (Cambodia Daily) វាខុស ពីសំណៅដើមនៃភាសាអង់គ្លេស»។
មួយរយៈចុងក្រោយនេះសារព័ត៌មានដែលមានមូលដ្ឋាននៅក្រៅប្រទេសបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើលោក ហ៊ុន ម៉ាណែត ខណៈនាយឧត្តមសេនីយ៍ម្នាក់នេះត្រូវបានគណបក្សប្រជាជនផ្ដល់សេចក្ដីទុកចិត្តជ្រើសរើសជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត។ ទោះជាយ៉ាងណាលោក ហ៊ុន ម៉ាណែត បានបញ្ជាក់ហើយថារាល់ការវាយប្រហារទាំងឡាយលើរូបលោកនឹងធ្វើឱ្យលោកកាន់តែរឹងមាំ និងមានមធ្យោបាយទប់ទល់នឹងការវាយប្រហារកាន់តែច្រើនផងដែរ៕