កូរ៉េខាងជើង៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យប្រទេសទាំងមូលត្រៀមខ្លួនឱ្យបានរួចជាស្រេចដើម្បីធ្វើការវាយប្រហារនុយក្លេអ៊ែរនៅពេលណាមួយដើម្បីរារាំងសង្គ្រាមដែលនឹងអាចកើតមាន ដោយបានចោទប្រកាន់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងថា បានពង្រីកសមយុទ្ធយោធារួមគ្នាពាក់ព័ន្ធនឹងទ្រព្យសម្បត្តិនុយក្លេអ៊ែររបស់អាមេរិក។ នេះបើយោងតាមព័ត៌៌មានពីប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA។
ការលើកឡើងរបស់លោក គីម បានធ្វើឡើងនៅចំពេលដែលប្រទេសឯកោមួយនេះកំពុងធ្វើសកម្មភាពដែលត្រូវបានគេហៅថាជាសមយុទ្ធក្នុងគោលបំណងពង្រឹង "ការទប់ស្កាត់សង្គ្រាម និងសមត្ថភាពវាយប្រហារនុយក្លេអ៊ែរ" ដើម្បីជាការផ្ញើសារព្រមានខ្លាំងៗទៅកាន់កូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តអាមេរិករបស់ខ្លួន។ នៅក្នុងសមយុទ្ធនេះ កូរ៉េខាងជើងបានបាញ់កាំជ្រួចផ្លោងដែលបំពាក់ដោយក្បាលគ្រាប់នុយក្លេអ៊ែរក្លែងក្លាយ ដែលហោះបានចម្ងាយប្រមាណ ៨០០ គីឡូម៉ែត្រ មុនពេលបាញ់ដល់គោលដៅនៅរយៈកម្ពស់ ៨០០ ម៉ែត្រ ក្រោមសេណារីយ៉ូនៃការវាយប្រហារនុយក្លេអ៊ែរយុទ្ធសាស្ត្រ។
ភ្នាក់ងារសារព័ត៌៌មានរដ្ឋ KCNA បានបង្ហាញរូបថតដែលលោក គីម ជុងអ៊ុន បានចូលរួមក្នុងកម្មវិធីធ្វើតេស្តនោះផងដែរ និងអ្វីដែលគួរឱ្យចាប់អារម្មណ៍គឺការចូលរួមបង្ហាញវត្តមានជាមួយកូនស្រីរបស់លោកសាជាថ្មី។ កូរ៉េខាងត្បូង និងជប៉ុនបានរាយការណ៍ថា ការបាញ់បង្ហោះមីស៊ីលផ្លោងរយៈចម្ងាយខ្លីរបស់កូរ៉េខាងជើង ចេញពីឆ្នេរសមុទ្រភាគខាងកើត កាលពីថ្ងៃអាទិត្យ ដែលជាការបាញ់សាកល្បងកាំជ្រួចជាបន្តបន្ទាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។
កូរ៉េខាងជើងបានបញ្ចេញប្រតិកម្មយ៉ាងក្ដៅគគុកចំពោះសមយុទ្ធយោធារួមគ្នារវាងកូរ៉េខាងត្បូង និងអាមេរិក ដោយហៅពួកគេថាជាការហាត់សមសម្រាប់ការឈ្លានពានប្រឆាំងនឹងខ្លួន។កងនាវាចរ និងកងម៉ារីនអាមេរិក និងកូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសមយុទ្ធចុះចតលើផ្ទៃសមុទ្រ Ssangyong ដែលជាសមយុទ្ធទ្រង់ទ្រាយធំជាលើកដំបូងក្នុងរយៈពេល ៥ឆ្នាំ ដែលសមយុទ្ធនេះចាប់ផ្តើមនៅថ្ងៃចន្ទ គ្រោងនឹងបន្តរយៈពេល ២សប្តាហ៍រហូតដល់ថ្ងៃទី០៣ ខែមេសាខាងមុខ៕