ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

សម្ភារយោធាចិនសម្រាប់ធ្វើ «សមយុទ្ធនាគមាស» បានមកដល់កម្ពុជា

ខេត្តព្រះសីហនុ៖ នាវាដឹកសម្ភាររបស់កងទ័ពរំដោះប្រជាជនចិន សម្រាប់ធ្វើ «សមយុទ្ធនាគមាសឆ្នាំ២០២៣» ជាមួយកងទ័ពកម្ពុជា បានមកដល់កំពង់ផែខេត្តព្រះសីហនុ កាលពីថ្ងៃទី១៩ ខែមីនា ដោយសម្ភារគ្រោងដឹកបន្តទៅកាន់ទីលានសមយុទ្ធ នៅភ្នំជុំរីករាយ ខេត្តកំពង់ឆ្នាំង នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣នេះ។

ការមកដល់របស់នាវាដឹកសម្ភាររបស់កងទ័ពរំដោះប្រជាជនចិន គឺក្រោយកងទ័ពប្រទេសទាំងពីរ បានឯកភាពគ្នាធ្វើសមយុទ្ធរួមគ្នា នៅមជ្ឃមណ្ឌលហ្វឹកហ្វឺនរបស់កងរាជអាវុធហត្ថ (ភ្នំជុំរីករាយ) ស្ថិតនៅក្នុងភូមិសាស្ត្រ ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីលើកកម្ពស់ទំនាក់ទំនងល្អ បង្កើនចំណងសាមគ្គីភាព មេត្រីភាព ការបណ្ដុះបណ្តាលចំណេះដឹង ចំណេះធ្វើ ផ្លាស់ប្ដូរបទពិសោធ ចេះសម្របសម្រួល ចេះរស់នៅ និងធ្វើការងាររួមគ្នា ជាមួយជាតិសាសន៍ជាច្រើនក្នុងពេលធ្វើប្រតិបត្តិការរួមគ្នា ព្រមទាំងឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា ដែលមិនមែនជាប្រពៃណីជាដើម។

កងទ័ពកម្ពុជា និងចិន នឹងធ្វើសមយុទ្ធរួមគ្នា លក្ខណៈទ្រង់ទ្រាយធំ ចាប់ពីថ្ងៃទី២៣ ខែមីនា ដល់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣នេះ ក្នុងគោលបំណងការពារនូវសន្តិសុខចំពោះព្រឹត្តិការណ៍ធំៗ និងរបៀបជួយប្រជាពលរដ្ឋ ដែលជួបគ្រោះមហន្តរាយនានា។

សូមបញ្ជាក់ថា សមយុទ្ធនាគមាសរវាងកម្ពុជា-ចិន បានចាប់ផ្ដើមធ្វើតាំងពីឆ្នាំ២០១៦ រហូតមកដល់ពេលនេះគឺបានចំនួន ៤លើករួចមកហើយ គឺនៅក្នុងឆ្នាំ២០១៦ ២០១៨ ២០១៩ និងឆ្នាំ ២០២០។

សមយុទ្ធនាគមាសរបស់កងទ័ពប្រទេសទាំងពីរបានផ្អាកនៅឆ្នាំ២០១៧ កន្លងទៅ ដោយជាប់រវល់ក្នុងយុទ្ធនាការបង្ក្រាបគ្រឿងញៀន និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់។ ឆ្នាំ២០២១ និងឆ្នាំ២០២២ កន្លងទៅ ក៏ត្រូវបានផ្អាកផងដែរ ដោយសារការឆ្លងរីករាលដាលជំងឺកូវីដ-១៩៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក