ស្ទឹងត្រែង៖ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៣ ថាមានសត្វផ្សោតឈ្មោល ១ក្បាល បានស្លាប់នៅកន្លែងអភិរក្សសត្វផ្សោតកោះកូនសត្វ ឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ដែលជាសត្វផ្សោតទី១ ដែលបានស្លាប់ក្នុងឆ្នាំ២០២៣ នេះ។
តាមការពិនិត្យ និងវាយតម្លៃដោយមន្ត្រី ជំនាញ នៃរដ្ឋបាលជលផល និងអង្គការ WWF សត្វផ្សោតដែលស្លាប់នេះមានលេខសម្គាល់០៥៦ ទម្ងន់១៦០គីឡូក្រាម ប្រវែង ២,៣៨ម៉ែត្រ មានអាយុប្រមាណ ២០ឆ្នាំ ដែលស្លាប់ដោយជាប់ឧបករណ៍នេសាទមង ដោយមានស្នាមរយះនៅផ្នែកពោះ ស្នាមជាប់មងនៅគល់កន្ទុយ និងព្រុយចំហៀង។
រដ្ឋបាលជលផលបានឱ្យដឹងទៀតថា បច្ចុប្បន្នសត្វផ្សោតរងការគំរាមកំហែង ដោយឧបករណ៍នេសាទមង សន្ទូចរនង និងឧបករណ៍ឆក់ ហេតុនេះទើបរដ្ឋាភិបាលបានចេញអនុក្រឹត្យដែលចុះនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយកំណត់កន្លែងការពារនិងអភិរក្សសត្វផ្សោតប្រវែង១២០គីឡូម៉ែត្រ ចាប់ពីប៉ែកក្រោមស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រែង ខេត្តស្ទឹងត្រែង រហូតដល់ក្បាលកោះទ្រង់ ក្នុងខេត្តក្រចេះ ដោយហាមឃាត់ការធ្វើនេសាទ ដែលប្រើឧបករណ៍មង ស្ទូចរនង និងឧបករណ៍នេសាទខុសច្បាប់ផ្សេងទៀត។
ទន្ទឹមនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានសហការជាមួយរដ្ឋបាលខេត្តក្រចេះ និងស្ទឹងត្រែង ព្រមទាំងអង្គការដៃគូពាក់ព័ន្ធ បាននិងកំពុងបន្ត ពង្រឹងការការពារជាប្រចាំ នៅតំបន់ដែលសត្វផ្សោតរស់នៅ ក៏ដូចជាការអប់រំ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងតំបន់ អំពីតម្លៃជាសកលដែលមិនអាចកាត់ថ្លៃបាន នៃសត្វផ្សោតទន្លេមេគង្គនេះ ដើម្បីរួមចំណែកធានានិរន្តរភាពនៃសត្វ ផ្សោតទន្លេមេគង្គ និងធនធានជលផលក្នុងធម្មជាតិ។
ជាមួយគ្នានេះ រដ្ឋបាលជលផលថានឹងបន្តសហការជាមួយរដ្ឋបាលខេត្តក្រចេះ ស្ទឹងត្រែង និងអង្គការ WWF ព្រមទាំងស្វែងរកដៃគូសហការផ្សេងទៀត ដើម្បីពង្រឹងការការពារឱ្យបានម៉ឺងម៉ាត់ថែមទៀត ដោយជ្រើសរើសឆ្នាំទន្លេបន្ថែម និងប្រមូលផ្ដុំកម្លាំងយាមល្បាតជាប្រចាំ នៅក្នុងតំបន់គ្រប់គ្រងសត្វផ្សោត ដើម្បីទប់ស្កាត់ឱ្យបាននូវការប្រើប្រាស់មង និងសន្ទូចរនង ព្រមទាំងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀត និងបង្កើនការអប់រំ ផ្សព្វផ្សាយ និងបន្តពិនិត្យពីជម្រើសមុខរបរផ្សេងៗ ខណៈការលួចដាក់មងនៅតែអាចកើតមាន ហើយដែលបង្កជាគ្រោះថ្នាក់ដូចករណីថ្ងៃនេះ។
រដ្ឋបាលជលផលក៏អំពាវនាវដោយទទូចដល់ប្រជានេសាទនៅតំបន់នោះ ឱ្យឈប់ប្រើប្រាស់មង សន្ទូចរនង និងឧបករណ៍នេសាទមិនស្របច្បាប់ដទៃទៀត ក្នុងតំបន់សត្វផ្សោតរស់នៅជាបន្ទាន់ ដើម្បីធានានិរន្តរភាព សត្វផ្សោត និងត្រីមេពូជ សម្រាប់ការទាក់ទាញទេសចរណ៍ បង្កើនកេរ្តិ៍ឈ្មោះប្រជាជាតិយើង និងទុកសម្រាប់ជំនាន់ក្រោយៗបានស្គាល់និងថែរក្សាបន្ត៕