ក្រុមការងារស្រាវជ្រាវប្រទះឃើញព្រះកេសទេវតាក្នុងកំណាយស្រាវជ្រាវនៅខ្លោងទ្វារជ័យ | នាយករដ្ឋមន្ត្រីអញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាទៅទស្សនកិច្ចនៅសាធារណរដ្ឋកូរ៉េ | សាលាឥណ្ឌាមួយចូលរួមអបអរពិធីចម្រើនព្រះជន្មព្រះមហាក្សត្រកម្ពុជាដោយការចែកអំណោយសប្បុរសធម៌ដល់សិស្សក្រីក្រ | ព្រះមហាក្សត្រត្រាស់បង្គាប់លោក ធូ មណី ឱ្យបន្តតំណែងជាអនុប្រធានសាលាឧទ្ធរណ៍បាត់ដំបងមួយឆ្នាំទៀត |

លោក ហ៊ុន ម៉ានី ប្រាប់យុវជនជំនាន់ក្រោយថារដ្ឋប្រហារទម្លាក់សម្តេចសីហនុជាចំណុចផ្តើមនៃការនាំកម្ពុជាធ្លាក់ក្នុងភ្លើងសង្គ្រាមស៊ីវិល

ភ្នំពេញ៖ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាតំណាងរាស្រ្តបក្សកាន់អំណាច លោក ហ៊ុន ម៉ានី បានយកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ រំលឹកការធ្វើរដ្ឋប្រហារកាលពី៥៣ឆ្នាំមុន ដោយកាលនោះ សេនាប្រមុខ លន់ នល់ ដោយមានការគាំទ្រពីបរទេស បានធ្វើរដ្ឋប្រហារទម្លាក់ សម្តេចព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ ចេញពីអំណាច។

លោកក៏បានទទូចឲ្យយុវជនខ្មែរជំនាន់ក្រោយ ត្រូវចងចាំព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ដែលអាចនិយាយបានថា ជាចំណុចចាប់ផ្តើមនៃការនាំកម្ពុជាធ្លាក់ចូលក្នុងភ្លើងសង្រ្គាមស៊ីវិល ដោយបន្តនាំទុក្ខវេទនារហូតរុញច្រានប្រជាជនកម្ពុជា ឲ្យធ្លាក់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម ៣ឆ្នាំ ៨ខែ ២០ថ្ងៃ។

សរសេរលើបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន លោក ម៉ានី ទាញបានមេរៀនចំនួន២ ចេញពីព្រឹត្តិការណ៍ប្រវត្តិសាស្រ្តនេះ ដោយក្នុងនោះ ទី១ ការជ្រៀតជ្រែកពីបរទេសអាចនាំឲ្យកម្ពុជា ឆ្លងកាត់នូវភាពមិនច្បាស់លាស់ ហើយក៏អាចបង្កើតនូវសោដនាកម្មដូចអតីតកាល ដែលផ្តល់ជាមេរៀនដ៏ជូរចត់ដល់ប្រជាជនខ្មែរគ្រប់រូប ហើយ ទី២ ការជ្រៀតជ្រែករបស់បរទេស ក៏នឹងអាចនាំមកនូវការបែកបាក់សាមគ្គីភាពរបស់ប្រទេសជាតិ និងប្រជាជនខ្មែរទាំងមូល ដែលសង្គមជាតិយើងបានឆ្លងកាត់ដ៏លំបាកអស់ជាច្រើនទសវត្សរ៍ ទម្រាំសម្រេចបានពេញលេញនូវសាមគ្គី និងឯកភាពជាតិ ក្រោយការអនុវត្តដោយជោគជ័យនូវនយោបាយឈ្នះ-ឈ្នះ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨។

លោកបន្តថា ផ្អែកលើមេរៀននៃថ្ងៃ១៨ មីនា ១៩៧០ លោកទទូចឲ្យពលរដ្ឋកម្ពុជាត្រូវចងចាំដាច់ខាតនូវព្រឹត្តិការណ៍នេះ កុំឲ្យប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះកើតឡើងវិញហើយត្រូវថែរក្សាសាមគ្គី ឯកភាព ផ្ទៃក្នុងរបស់ព្រះរាជាណាចក្រកម្ពុជាឲ្យបានដាច់ខាត ពោលគឺដោះស្រាយបញ្ហាផ្ទៃក្នុងនានាដោយខ្លួនឯង និងជំរុញបន្ថែមទៀត ការអភិវឌ្ឍប្រទេសជាតិ ដោយផ្អែកលើផលប្រយោជន៍របស់ប្រទេសជាតិ។

នៅចុងសំណេររបស់លោក លោកក៏ស្នើឲ្យកម្ពុជាត្រូវបញ្ជូនសារទៅមិត្តបរទេសដែរថា ទោះក្នុងកាលៈទេសៈណាក៏ដោយ គឺត្រូវគោរព អធិបតេយ្យ ឯករាជ្យ និងសិទ្ធិស្វ័យសម្រេចរបស់ព្រះរាជាណាចក្រកម្ពុជាដែលត្រូវរក្សាឲ្យបានដើម្បីអនាគតរបស់ប្រជាជន៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក