អ៉ីតាលី៖ ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan បានក្លាយទៅជាកីឡាករចាស់បំផុតដែលអាចរកគ្រាប់បាល់បញ្ចូលទីនៅក្នុងក្របខណ្ឌ Serie A ក្នុងជំនួបទល់នឹងក្រុម Udinese នៅយប់មិញនេះ។
យ៉ាងណាមិញ ការស៊ុតបញ្ចូលទីមួយគ្រាប់របស់ Zlatan កាលពីយប់មិញនេះ មិនគ្រប់គ្រាន់សម្រាប់ AC Milan ឡើយ ពោលគឺក្រុមរបស់ Zlatan បានបរាជ័យក្រោមថ្វីជើងរបស់ Udinese ក្នុងលទ្ធផល ១-៣ ដែលធ្វើឱ្យក្ដីសង្ឃឹមក្នុងការរក្សាខ្លួននៅក្នុងតំណែង Top4 របស់ក្រុមការពារតំណែងជើងឯកនេះកាន់តែមានការលំបាក។
បរាជ័យយប់មិញនេះមានន័យថា AC Milan ខកខានឱកាសរំកិលខ្លួនឡើងទៅកាន់ចំណាត់ថ្នាក់លេខ ២ និងបន្តឈរនៅចំណាក់ថ្នាក់លេខ ៤ ដោយមាន ៤៨ពិន្ទុក្នុងដៃ មានត្រឹមតែ ១ពិន្ទុប៉ុណ្ណោះពីលើក្រុមលេខ ៥ AS Roma ដែលនឹងត្រូវជួបជាមួយ Lazio នាយប់ថ្ងៃអាទិត្យនេះ។
គួរបញ្ជាក់ថា Zlatan ដែលបានវិលត្រឡប់មកលើទីលានវិញកាលពីខែមករា ឆ្នាំ២០២២ បានស៊ុតបញ្ចូលទីមួយគ្រាប់ក្នុងការប្រកួតកាលពីយប់មិញនេះ ដែលធ្វើឱ្យរូបគេក្លាយជាកីឡាករដែលមានវ័យច្រើនបំផុតដែលស៊ុតបញ្ចូលទីនៅក្នុងក្របខណ្ឌ Serie A ពោលគឺក្នុងវ័យ ៤១ឆ្នាំ និង ១៦៦ថ្ងៃ។ គួរបញ្ជាក់ថា Zlatan បានបំបែកកំណត់ត្រាចាស់របស់កីឡាករ Alessandro Costacurta ដែលកាលណោះក្នុងនាមជាកីឡាកររបស់ AC Milan ដូចគ្នា និងរកគ្រាប់បាល់បានក្នុងវ័យ ៤១ឆ្នាំ និង ២៥ថ្ងៃ៕